រុស្ស៊ី កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថានពិចារណាលើការបង្កើតសម្ព័ន្ធភាពឧស្ម័ន
(VOVWORLD) - កាលពីម្សិលមិញ (២៩ វិច្ឆិកា) ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានឲ្យដឹងថា រុស្ស៊ី និងកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន កំពុងពិភាក្សាលើការបង្កើតសម្ព័ន្ធភាពឧស្ម័ន ដើម្បីបំពេញតម្រូវការឧស្ម័នរបស់ប្រទេសទាំងបីនេះ និងផ្គត់ផ្គង់សម្រាប់ទីផ្សារនៃប្រទេសនានា រួមទាំងប្រទេសចិនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី Novak បានឲ្យដឹងថា វិស័យសហប្រតិបត្តិការនេះកំពុងត្រូវបានពិចារណា ក្នុងបរិបទដែលរុស្ស៊ី កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន មានប្រព័ន្ធដឹកជញ្ជូនឧស្ម័នដូចគ្នា ចាប់តាំងពីសម័យកាលនៃអតីតសហភាពសូវៀត។ បើតាមលោក ប្រទេសទាំងបីមានឱកាសជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា រួមទាំងការផ្គត់ផ្គង់ និងកែច្នៃឧស្ម័ន ក៏ដូចជាការនាំចេញផងដែរ។
វាយតម្លៃអំពីលទ្ធភាពនៃការបង្កើតសម្ព័ន្ធភាពឧស្ម័ននៃប្រទេសរុស្ស៊ី កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន នៅថ្ងៃទី ២៩ ខែវិច្ឆិកា លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបញ្ជាក់ថា គំនិតនេះគឺសមស្របណាស់ និងឆ្លើយតបទៅនឹងផលប្រយោជន៍របស់បណ្តាប្រទេសពាក់ព័ន្ធ។ លោកបានសង្កត់ធ្ងន់លើការពិតដែលថាប្រទេសទាំងបីមានទឹកដីដ៏ធំនៅក្នុងតំបន់ដ៏សំខាន់មួយ ហើយប្រព័ន្ធផ្លូវផ្គត់ផ្គង់ថាមពល និងឧស្ម័នដែលមានស្រាប់គឺសមស្របណាស់៕