រុស្ស៊ី ទួរគី និងអ៊ីរ៉ង់ បន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេសស៊ីរី
(VOVWORLD) - រុស្ស៊ី ទួរគី និងអ៊ីរ៉ង់ នៅថ្ងៃទី ១៩ ខែកក្កដា បានសន្យាបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេសស៊ីរី នេះបើយោងតាមសេចក្តីថ្លែងការណ៍ត្រីភាគី ដែលបានចេញផ្សាយបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងបីបានបើកកិច្ចប្រជុំកំពូលនៅទីក្រុងតេហេរ៉ង់។
ប្រធានាធិបតីរុស្ស៊ី V.Putin ប្រធានាធិបតីអ៊ីរ៉ង់ E.Raisi ប្រធានាធិបតីទួរគី T.Erdogan ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល ។ ប្រភព៖ Tass |
យោងតាមសេចក្តីថ្លែងការណ៍រួម ប្រធានាធិបតីនៃប្រទេសទាំងបីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន សំដៅលុបបំបាត់បុគ្គល អង្គការ ក្រុម និងអង្គភាពភេរវករនានា ក៏ដូចជាបង្ហាញពីការប្រឆាំងជំទាស់ ចំពោះការកាន់កាប់ និងការបង្វែរចំណូលប្រេងរ៉ែរបស់ស៊ីរីដោយខុសច្បាប់។
ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា ប្រទេសទាំងបីបានយល់ព្រម បន្តការពិគ្រោះយោបល់លើបញ្ហាស៊ីរី។ ទាំងរុស្ស៊ី ទួរគី និងអ៊ីរ៉ង់ បានប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវប្រទេសស៊ីរីដែលមាននិរន្តរភាព និងប្រក្រតីភាព។ មេដឹកនាំនៃប្រទេសទាំងបីក៏បានចែករំលែកទស្សនៈរបស់ខ្លួនថា វិបត្តិនៅក្នុងប្រទេសស៊ីរីអាចត្រូវបានដោះស្រាយទាំងស្រុងដោយមធ្យោបាយនយោបាយ និងការទូត៕