រុស្ស៊ី និងអ៊ុយក្រែនផ្លាស់ប្តូរអ្នកទោសចំនួន ១៩០ នាក់ តាមរយៈអាជ្ញាកណ្ដាល UAE

(VOVWORLD) - អ្នកទោសសង្រ្គាមអ៊ុយក្រែនចំនួន ៩៥ នាក់ ក៏ត្រូវបានប្រគល់ជូនអាជ្ញាធរគៀវផងដែរ។
រុស្ស៊ី និងអ៊ុយក្រែនផ្លាស់ប្តូរអ្នកទោសចំនួន ១៩០ នាក់ តាមរយៈអាជ្ញាកណ្ដាល UAE - ảnh 1ទាហានអ៊ុយក្រែនដើរល្បាតក្នុងភូមិ Katerynivka តំបន់ Lugansk ភាគខាងកើតអ៊ុយក្រែន។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ១៧ ខែកក្កដា ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ប្រទេសនេះបានបញ្ជូនយោធិនចំនួន ៩៥ នាក់ដែលត្រូវបានឃុំខ្លួននៅអ៊ុយក្រែនវិលត្រឡប់មកប្រទេសវិញ តាមកិច្ចព្រមព្រៀងផ្លាស់ប្ដូរអ្នកទោស ដែលត្រូវបានអេមីរ៉ាតអារ៉ាប់រួម (UAE) ធ្វើជាអាជ្ញាកណ្ដាល។ ទន្ទឹមនឹងនោះ អ្នកទោសសង្រ្គាមអ៊ុយក្រែនចំនួន ៩៥ នាក់ ក៏ត្រូវបានប្រគល់ជូនអាជ្ញាធរគៀវផងដែរ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី យោធិនចំនួន ៩៥ នាក់ទាំងនេះនឹងត្រូវបានយន្តហោះដឹកជញ្ជូនយោធានៃកងកម្លាំងទ័ពអាកាសចក្រវាឡ
រុស្ស៊ីបញ្ជូនទៅកាន់ទីក្រុងម៉ូស្គូដើម្បីព្យាបាលនិងស្តារនីតិសម្បទានៅតាមមន្ទីរពេទ្យយោធាហើយនឹងត្រូវបានផ្តល់ជំនួយផ្នែកសុខាភិបាល និងផ្លូវចិត្តចាំបាច់។ នេះគឺជាលើកទី ២ ហើយ ដែលរុស្ស៊ី និងអ៊ុយក្រែនបានដោះដូរអ្នកទោសក្នុងរយៈពេល៣សប្តាហ៍កន្លងទៅ។  

នាថ្ងៃទី ១៧ កក្កដាដដែល  ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានឲ្យដឹងថា ប្រទេសលោកខាងលិចកំពុងព្យាយាមបង្ខំឱ្យអនុវត្តន៍ "ផែនការសន្តិភាព" របស់ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ក្នុងគ្រប់តម្លៃទាំងអស់។ លោក Lavrov បានសង្កត់ធ្ងន់ថា ការដោះស្រាយវិបត្តិត្រូវតែគិតគូរពីលក្ខខណ្ឌជាក់ស្តែង ហើយ ដើម្បីបញ្ចប់ជម្លោះ ប្រទេសលោកខាងលិចចាំបាច់ត្រូវបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ