រុស្ស៊ី និងអេហ្ស៊ីបសង្កត់ធ្ងន់លើភាពចាំបាច់ ចាប់ផ្តើមការចរចាប៉ាឡេស្ទីន-អ៊ីស្រាអែល​ឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

(VOVWORLD) - ចាំបាច់ត្រូវចាប់ផ្តើមការចរចាប៉ាឡេស្ទីន-អ៊ីស្រាអែលឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាសំខាន់នៃភាពជារដ្ឋរបស់ប៉ាឡេស្ទីន ក៏ដូចជាសម្រេចបានដំណោះស្រាយដ៏ទូលំទូលាយមួយដោយផ្អែកលើក្របខ័ណ្ឌច្បាប់ដែលអន្តរជាតិទទួលស្គាល់។ 
រុស្ស៊ី និងអេហ្ស៊ីបសង្កត់ធ្ងន់លើភាពចាំបាច់ ចាប់ផ្តើមការចរចាប៉ាឡេស្ទីន-អ៊ីស្រាអែល​ឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន - ảnh 1បាតុករប៉ាឡេស្ទីនប្រមូលផ្តុំគ្នានៅក្នុងក្រុង Gaza ដោយតវ៉ានឹងការសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩នាក់ ដោយទាហានអ៊ីស្រាអែលនៅតំបន់ West Bank ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ រូបថត៖ THX/TTXVN

នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអេហ្ស៊ីប លោក Sameh Shoukry ក្នុងកិច្ចសន្ទនាកាលពីម្សិលមិញ(៣១ មករា) នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។

លោក Lavrov បានឲ្យដឹងថា ទាំងទីក្រុងម៉ូស្គូ និងទីក្រុងគែរ មានការព្រួយបារម្ភអំពី "សក្ដានុពលអវិជ្ជមាន" ក្នុងស្ថានភាពនៅតំបន់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានអះអាងសារជាថ្មីថា ចាំបាច់ត្រូវបន្តការងាររបស់ក្រុមចតុភាគីបង្រួបបង្រួមអន្តរជាតិ (រួមមានអាមេរិក រុស្ស៊ី អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប) ក៏ដូចជាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអារ៉ាប់ជាប់ពាក់ព័ន្ធក្នុងដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា។

ខែមករា ឆ្នាំ ២០២៣ បានក្លាយជាខែដ៏បង្ហូរឈាមបំផុតនៅតំបន់ West Bank និងហ្សេរុយសាឡឹម ក្នុងរយៈពេលជាច្រើនឆ្នាំមក ជាមួយនឹងឧប្បត្តិហេតុនៃអំពើហឹង្សា និងការវាយប្រហាររវាងជនអ៊ីស្រាអែល និងជនប៉ាឡេស្ទីន ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ ដែលបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ