រុស្ស៊ី៖ លទ្ធផលនៃការចរចាសន្តិភាពអាស្រ័យលើការត្រៀមខ្លួនជាស្រេចរបស់អ៊ុយក្រែន
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសទួរគី លោក Cavusoglu បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់កងកម្លាំងពិសេសរុស្ស៊ីក្នុងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានខ្មាន់កាំភ្លើងចាប់ឃុំខ្លួននៅវិហារអ៊ីស្លាមមួយក្នុងទីក្រុង Mariupol ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ mid.ru) |
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ២០ ខែមេសា ជាមួយសមភាគីទួរគីលោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកច្បាស់ថា លទ្ធផលនៃការចរចាជាមួយអ៊ុយក្រែនគឺអាស្រ័យលើការត្រៀមខ្លួនជាស្រេចរបស់ទីក្រុងគៀវក្នុងការពិចារណាលើសំណើរដ៏ត្រឹមត្រូវរបស់ទីក្រុងម៉ូស្គូ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ីបានលើកច្បាស់ថា៖ “ទាក់ទងនឹងយថាទស្សន៍នៃដំណើរការចរចារុស្ស៊ី-អ៊ុយក្រែន លក្ខណៈមិនប្រែប្រួលនៃគោលជំហរជាគោលការណ៍របស់រុស្ស៊ីត្រូវបានបញ្ជាក់៖ លទ្ធផលនៃការចរចាគឺអាស្រ័យទាំងស្រុងលើការត្រៀមខ្លួនជាស្រេចក្នុងការពិចារណាលើសំណើរដ៏ត្រឹមត្រូវរបស់យើងខ្ញុំ”។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសទួរគី លោក Cavusoglu បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់កងកម្លាំងពិសេសរុស្ស៊ីក្នុងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានខ្មាន់កាំភ្លើងចាប់ឃុំខ្លួននៅវិហារអ៊ីស្លាមមួយក្នុងទីក្រុង Mariupol ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាអំពីជំហានរួមរវាងក្រសួងការបរទេស និងក្រសួងការពារជាតិរបស់រុស្ស៊ី និងអ៊ុយក្រែន ដើម្បីធានាសន្តិសុខជូនជនស៊ីវិលនៅអ៊ុយក្រែន រួមទាំងជនបរទេសផងដែរ៕