រុស្ស៊ីចាប់ខ្លួនអ្នកកាសែតរបស់ Wall Street Journal ក្នុងសំណុំរឿងចារកម្ម
(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថាតុលាការនៅទីក្រុងម៉ូស្គូបានចាប់ខ្លួនពលរដ្ឋអាមេរិក លោក Evan Gershkovich ដែលជាអ្នកយកព័ត៌មានរបស់ Wall Street Journal (WSJ) ក្នុងសំណុំរឿងព្រហ្មទណ្ឌ ក្រោមការចោទប្រកាន់ពីបទចារកម្ម។
អ្នកយកព័ត៌មានអាមេរិក Evan Gershkovich ។ (រូបថត៖ al Jazeera) |
មុននោះ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានប្រកាសថា Evan Gershkovich ត្រូវបានឃុំខ្លួនដោយសង្ស័យថា បានធ្វើចារកម្មសម្រាប់រដ្ឋាភិបាលអាមេរិក។ យោងតាម FSB បុគ្គលម្នាក់នេះ បានប្រមូលព័ត៌មាន ដែលជាព័ត៌មានសម្ងាត់ជាតិ "ស្តីពីសកម្មភាពរបស់សហគ្រាសមួយក្នុងចំណោមសហគ្រាសឧស្សាហកម្ម-យោធារុស្ស៊ី" ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគារប្រហែល ១០ ដល់ ២០ឆ្នាំ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃដដែលនោះ បានថ្កោលទោសរុស្ស៊ី ចំពោះការចាប់ខ្លួនអ្នកសារព័ត៌មានដែលជាពលរដ្ឋអាមេរិក។ លោក Blinken បានសង្កត់ធ្ងន់ថា អាទិភាពកំពូលរបស់ក្រសួងការបរទេសអាមេរិក គឺសុវត្ថិភាពនិងសន្តិសុខរបស់ពលរដ្ឋអាមេរិកនៅឯបរទេស ហើយបានព្រមានម្តងទៀតពីគ្រោះថ្នាក់ដល់ពលរដ្ឋអាមេរិកនៅរុស្ស៊ី និងបានណែនាំឲ្យពួកគេចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់៕