រុស្ស៊ី​តវ៉ា​ប្រឆាំង IOC ដែល​ហាម​ឃាត់​អត្តពលិករុស្ស៊ី ​មិន​ឲ្យ​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​អូឡាំពិក​ទី​ក្រុង​ប៉ារីស

(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmity Peskov កាលពីថ្ងៃទី ២០ ខែមីនា បានតវ៉ាចំពោះការសម្រេចចិត្តរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងការហាមឃាត់អត្តពលិករបស់ប្រទេសនេះ ពីការចូលរួមក្នុងការដើរដង្ហែក្បួនបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសនៅខែកក្កដា ខាងមុខនេះ។ 

ថ្លែងទៅកាន់សារព័ត៌មាន អ្នកនាំពាក្យលោក Peskov បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមិនត្រឹមតែប្រឆាំងនឹងឧត្តមគតិរបស់អូឡាំពិក និងរំលោភលើសិទ្ធិរបស់អត្តពលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់មុខមាត់របស់ IOC ទៀតផង។ ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ការសម្រេចចិត្តនេះគឺអយុត្តិធម៌និងមិនអាចទទួលយកបានឡើយ។

រុស្ស៊ី​តវ៉ា​ប្រឆាំង IOC ដែល​ហាម​ឃាត់​អត្តពលិករុស្ស៊ី ​មិន​ឲ្យ​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​អូឡាំពិក​ទី​ក្រុង​ប៉ារីស - ảnh 1អត្តពលិករុស្ស៊ី ដើរដង្ហែក្បួនក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុង Pyeongchang ឆ្នាំ ២០១៨ នៅប្រទេសកូរ៉េខាងត្បូង។ រូបថត៖ AFP/TTXVN

មួយថ្ងៃមុននោះ IOC បានប្រកាសថា អត្តពលិករុស្ស៊ី និងបេឡារុស្ស ដែលចូលរួមអូឡាំពិករដូវក្តៅនៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ក្រោមទង់ជាតិអព្យាក្រឹត នឹងមិនអាចចូលរួមក្នុងពិធីបើកនោះទេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC នៅទីក្រុង Lausanne (ស្វីស) លោក James Macleod នាយកផ្នែកការទូតនិងទំនាក់ទំនងជាមួយគណៈកម្មាធិការជាតិអូឡាំពិករបស់ IOC បានឲ្យដឹងថា អត្តពលិកអព្យាក្រឹតឯកជន មកពីប្រទេសទាំងពីរខាងលើនឹងមិនចូលរួមក្នុងការដើរដង្ហែក្បួនរបស់គណៈប្រតិភូនិងក្រុមអត្តពលិកក្នុងពិធីបើកនៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំនេះ ដោយសារពួកគេជាអត្តពលិកឯកជន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែមានវត្តមានដោយផ្ទាល់ដើម្បីតាមដានព្រឹត្តិការណ៍នេះ។

កាលពីខែធ្នូឆ្នាំ២០២៣ IOC បានព្យួរប្រទេសរុស្ស៊ីពីការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ប៉ុន្តែបាន"បើកភ្លើងខៀវ" សម្រាប់អត្តពលិករុស្ស៊ីនិងបេឡារុស្សដែលចូលរួមប្រកួតប្រជែងក្នុងលក្ខណៈអព្យាក្រឹត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ