រុស្ស៊ីនិងចិនស្នើ ឲ្យអង្គការសហប្រជាជាតិលុបចោលទណ្ឌកម្មលើស.ប.ប កូរ៉េ
(VOVWORLD) - សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបជុំគ្នាក្រៅផ្លូវការមួយកាលពីថ្ងៃទី ៣០ ខែធ្នូ ដើម្បីពិភាក្សាគ្នាជុំទី ២ ស្តីពីសំណើរបស់រុស្ស៊ីនិងចិនក្នុងការជំរុញលុបចោលទណ្ឌកម្មមួយចំនួនទៅលើស.ប.ប កូរ៉េ។
ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong - Un (រូបថត៖ AFP) |
រុស្ស៊ីនិងចិនបានឲ្យដឹងថាសកម្មភាពនេះនឹងជួយបំបែកភាពជាប់គាំងនាពេលបច្ចុប្បន្ន ហើយលើកទឹកចិត្តឱ្យមានការចរចារគ្នារវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង។ នាដើមខែធ្នូ ឆ្នាំ ២០១៩ រុស្ស៊ីនិងចិនបានលើកសំណើរស្តីពីសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមនោះការលុបចោលទណ្ឌកម្មដែលបានចូលជាធរមានកាលពីឆ្នាំ ២០១៦ និង ២០១៧ ចំពោះការនាំចេញជលផលផលិតផលវាយនភ័ណ្ឌ ក៏ដូចជាគំរោងហេដ្ឋារចនាសម្ព័ន្ធនិងពលកម្មស.ប.ប កូរ៉េនៅឯបរទេសផងដែរ។ ប៉ុន្តែសហរដ្ឋអាមេរិក បារាំងនិងអង់គ្លេសបានឲ្យដឹងថានាបច្ចុប្បន្នមិនទាន់ដល់ពេលវេលាដើម្បីពិចារណាលើការលុបចោលទណ្ឌកម្មនោះទេ៕