រុស្ស៊ីប្តេជ្ញារួមជាមួយស៊ីរីការពារនិងកសាងប្រទេសជាតិឡើងវិញ
(VOVWORLD) - នាថ្ងៃទី ២១ ខែកក្កដា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរពូទីន និងសមភាគីស៊ីរីលោក Bashar Al Assad បានផ្លាស់ប្តូរសារលិខិតអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត ដែលក្នុងនោះបានបញ្ជាក់ថា រុស្ស៊ីនឹងបន្តជួយឧបត្ថម្ភគាំទ្រស៊ីរីក្នុងការកសាងប្រទេសជាតិឡើងវិញបន្ទាប់ពីសង្គ្រាម។
ប្រធានាធិបតីស៊ីរីលោក Bashar Al Assad |
នៅក្នុងសារលិខិតអបអរសារទរនេះ ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីនបានអះអាងថា ប្រទេសរុស្ស៊ីនឹងបន្តជួយគាំទ្រប្រទេសស៊ីរី ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដី ព្រមទាំងជួយឧបត្ថម្ភដល់ស៊ីរីនៅក្នុងដំណើរការ កសាងប្រទេសជាតិឡើងវិញ។ ថ្នាក់ដឹកនាំរុស្ស៊ីបានជឿជាក់លើកិច្ចខិតខំប្រឹងប្រែងរួម របស់ប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅស៊ីរី នឹងទទួលបានជោគជ័យដល់ទីបញ្ចប់ផងដែរ។
រីឯខ្លួនវិញ លោក Bashar Al Assad បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងជាមួយរុស្ស៊ីលើគ្រប់វិស័យ ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំស៊ីរីក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជួយគាំទ្រផ្នែកយោធារបស់រុស្ស៊ីខណៈដែលប្រទេសនេះតែងតែប្រកៀកស្មាជាមួយកងទ័ពស៊ីរី ដោយអះអាងថារុស្ស៊ីបានរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹង ភេរវកម្មលើទឹកដីស៊ីរីប្រកបដោយប្រសិទ្ធភាពផងដែរ៕