រុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នតាមរយៈបំពង់បង្ហូរឧស្ម័ន Turkey Stream
(VOVWORLD) - ក្រុមហ៊ុន Gazprom របស់រុស្ស៊ី នៅថ្ងៃទី ១៨ ខែមិថុនា បានប្រកាសថា នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នតាមរយៈសាខាទាំងពីរនៃបំពង់បង្ហូរឧស្ម័ន Turkey Stream ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២១-២៨ ខែមិថុនា សម្រាប់ការថែទាំប្រចាំឆ្នាំ។
រូបថត៖ EPA/TTXVN |
ក្រុមហ៊ុន Gazprom បានឲ្យដឹងថា កាលវិភាគដើម្បីផ្អាកការផ្គត់ផ្គង់ឧស្ម័នត្រូវបានកំណត់ទុកជាមុន ដោយភាគីពាក់ព័ន្ធទាំងអស់។
បំពង់បង្ហូរឧស្ម័ន Turkey Stream ឆ្លងកាត់បាតសមុទ្រខ្មៅមានពីរសាខា សាខាមួយផ្គត់ផ្គង់ឧស្ម័នដល់អតិថិជននៅប្រទេសទួរគី និងសាខាមួយទៀតនាំថាមពលទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបខាងត្បូង និងអឺរ៉ុបអាគ្នេយ៍។ បំពង់បង្ហូរឧស្ម័ននេះបានចាប់ផ្តើមដំណើរការកាលពីដើមឆ្នាំ ២០២០ ដោយសមត្ថភាពដឹកជញ្ជូនសរុប ៣១,៥ ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ។
មុននោះ កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Gazprom បានប្រកាសថា នឹងកាត់បន្ថយយ៉ាងខ្លាំងនូវបរិមាណឧស្ម័នដែលផ្គត់ផ្គង់ទៅអឺរ៉ុប តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream ១ មកត្រឹមប្រហែល ៦៧ លានម៉ែត្រគូបក្នុងមួយថ្ងៃ ដោយលើកឡើងពីហេតុផលបច្ចេកទេស៕