រុស្ស៊ីលើកឡើងលក្ខខណ្ឌសម្រាប់ចូលរួមក្នុងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញ
(VOVWORLD) - ក្នុងជំនួបជាមួយសមាជិករដ្ឋាភិបាលកាលពីថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា ប្រទេសនេះបានត្រៀមខ្លួនជាស្រេចដើម្បីវិលត្រលប់ទៅចូលរួមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ “ភ្លាមមួយរំពិក” ប្រសិនបើលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងត្រូវបានអនុវត្តន៍ និង"ចរិតលក្ខណៈមនុស្សធម៌" នៃកិច្ចព្រមព្រៀងត្រូវបានស្តារឡើងវិញ។
យោងតាមប្រធានាធិបតីរុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានបំភ្លៃការពិតទាំងស្រុងនូវអត្តចរិតនៃកិច្ចព្រមព្រៀង ហើយជាលទ្ធផល បណ្តាក្រុមហ៊ុនអឺរ៉ុបបានទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ខណៈដែលភាគីរុស្ស៊ីបានរងការខូចខាត។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova ។ រូបថត៖ aa.com.tr |
នាថ្ងៃទី ១៩ ខែកក្កដាដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រកាសថា ប្រសិនបើអនុស្សរណៈយោគយល់គ្នា (MoU) រវាងរុស្ស៊ី និងអង្គការសហប្រជាជាតិ (UN) ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ប្រទេសនេះ មិនត្រូវបានអនុវត្តយ៉ាងពេញលេញក្នុងរយៈពេលបីខែខាងមុខ ទីក្រុងម៉ូស្គូនឹង មិនចរចាកិច្ចព្រមព្រៀងដើម្បីអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈសមុទ្រខ្មៅឡើយ។
ក្រសួងការពារជាតិរុស្ស៊ីបានព្រមានថាចាប់ពីថ្ងៃទី ២០ ខែកក្កដា តទៅ កប៉ាល់ណាដែលធ្វើដំណើរទៅកាន់កំពង់ផែរបស់អ៊ុយក្រែនក្នុងសមុទ្រខ្មៅ នឹងត្រូវបានចាត់ទុកថាមានលទ្ធភាពផ្ទុកសម្ភារៈយោធា និងកប៉ាល់ដឹកទំនិញដែលព្យួរទង់ជាតិនៃប្រទេសណាមួយ នឹងត្រូវបានចាត់ទុកថាជាភាគីជម្លោះ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា តំបន់ភាគអាគ្នេយ៍និងភាគពាយ័ព្យនៃដែនទឹកអន្តរជាតិក្នុងសមុទ្រខ្មៅ ជាបណ្តោះអាសន្នមិនមានសុវត្ថិភាពសម្រាប់ការធ្វើនាវាចរណ៍។
ក្នុងពេលជាមួយគ្នានោះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IFM) កាលពីថ្ងៃទី១៩ កក្កដាបានឲ្យដឹងដា ការដកខ្លួនរបស់រុស្ស៊ីចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅនឹងធ្វើឱ្យយថាទស្សន៍នៃសន្តិសុខស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ និងមានហានិភ័យបង្កើនអតិផរណាលើស្បៀងអាហារ ជាពិសេសសម្រាប់ប្រទេសនៅអាហ្វ្រិកខាងជើង មជ្ឈិមបូព៌ានិងអាស៊ីខាងត្បូង៕