រុស្ស៊ី​​សម្រេច ​កាត់​បន្ថយ​សកម្មភាព​យោធា​​នៅ​អ៊ុយក្រែន

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយបន្ទាប់ពីវង់ចរចាដោយផ្ទាល់រវាងរុស្ស៊ី-អ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល(ទួរគី) កាលពីថ្ងៃទី ២៩ ខែមីនា ប្រធានគណៈប្រតិភូរុស្ស៊ីជំនួយការប្រធានាធិបតីរុស្ស៊ីលោក Vladimir Medinsky បានឲ្យដឹងថា វង់ចរចាបានបញ្ចប់ហើយនាំមកនូវលទ្ធផលប្រកបដោយលក្ខណៈស្ថាបនា។ 
រុស្ស៊ី​​សម្រេច ​កាត់​បន្ថយ​សកម្មភាព​យោធា​​នៅ​អ៊ុយក្រែន - ảnh 1វង់ចរចាទី២រុស្ស៊ីនិងអ៊ុយក្រែននៅតំបន់ Brest ប្រទេសបេឡារុស ថ្ងៃទី៣ ខែមីនា។ (រូបថត៖ Reuters)

យោងតាមលោករូបនេះ រុស្ស៊ីកំពុងអនុវត្តន៍ជំហានពីរ ដើម្បីកាត់បន្ថយជម្លោះ រួមទាំងផ្នែកនយោបាយនិងយោធា។

លោក Medinsky បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ីបានទទួលសំណើពីអ៊ុយក្រែន ដើម្បីដាក់បញ្ចូលទៅក្នុងសន្ធិសញ្ញា។ ភាគីរុស្ស៊ីនឹងពិចារណាលើខ្លឹមសារទាំងនេះក្នុងអំឡុងពេលខាងមុខ ហើយដាក់ជូនប្រធានាធិបតីរុស្ស៊ី។ បន្ទាប់មករុស្ស៊ីនឹងផ្តល់ចម្លើយវិញ។ ក្នុងពេលជាមួយគ្នានោះ ក្រសួងការពារជាតិរុស្ស៊ីបានសម្រេចចិត្តកាត់បន្ថយសកម្មភាពយោធានៅទីក្រុង Kiev និង Chernigov ។ កាយវិការសំដៅពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការចរចាយ៉ាងស៊ីជម្រៅថែមទៀត និងដើម្បីឈានដល់គោលដៅចុងក្រោយ គឺអនុម័តនិងចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីអព្យាក្រឹតភាពនិងគ្មានអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ក៏ដូចជាការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

រីឯភាគីអ៊ុយក្រែនវិញ ថ្លែងបន្ទាប់ពីកិច្ចសន្ទនា ប្រធានគណៈប្រតិភូចរចាអ៊ុយក្រែន លោក David Arakhamia បានឲ្យដឹងថា ក្រុមចរចាអ៊ុយក្រែនបានបញ្ជាក់ពីសំណើរបស់ប្រទេសខ្លួន ដោយអនុវត្តន៍បទបញ្ញាតិអព្យាក្រឹត ជាថ្នូរនឹងការធានាសន្តិសុខ។ ប្រការនេះមានន័យថា ទីក្រុងគៀវនឹងមិនចូលរួមក្នុងសម្ព័ន្ធភាពយោធាណាមួយ ឬ អនុញ្ញាតឱ្យភាគីណាមួយដាក់មូលដ្ឋានយោធាក្នុងប្រទេសខ្លួន។ សំណើនេះ ក៏រួមបញ្ចូលទាំងការពិគ្រោះយោបល់រយៈពេល១៥ឆ្នាំរវាងភាគីទាំងពីរលើស្ថានភាពនៅកោះ Crimea ផងដែរ។ សំណើទាំងនេះ នឹងចូលជាធរមាននៅពេលដែលរុស្ស៊ី និងអ៊ុយក្រែនសម្រេចបានបទឈប់បាញ់យ៉ាងពេញលេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ