រុស្ស៊ីសម្រេចចិត្តបញ្ចប់សមាជិកភាពនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
(VOVWORLD) - កាលពីថ្ងៃទី៧ ខែមេសា រុស្ស៊ីបានសម្រេចបញ្ចប់សមាជិកភាពរបស់ខ្លួនក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ មុនអាណត្តិ។ លោក Gennady Kuzmin អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីបានប្រកាសអំពីបញ្ហានេះ។
លោក Gennady Kuzmin អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ |
បន្ទាប់ពីសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពីការព្យួរសមាជិកភាពរបស់រុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក Gennady Kuzmin អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានប្រកាសថា “សហព័ន្ធរុស្ស៊ីបានសម្រេចចិត្តបញ្ចប់សមាជិកភាពក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២”។ លោក Kuzmin បានបញ្ជាក់ថា រុស្ស៊ីនឹងបន្តបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនលើវិស័យសិទ្ធិមនុស្ស បន្ទាប់ពីចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ រុស្ស៊ីបានចាត់ទុកការសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងការព្យួរសមាជិកភាពរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សគឺមិនស្របច្បាប់ ដោយមានហេតុផលនយោបាយដើម្បីដាក់ទណ្ឌកម្មលើប្រទេសជាសាជិកអង្គការសហប្រជាជាតិ ដែលមានអធិបតេយ្យភាព ហើយមានគោលនយោបាយផ្ទៃក្នុង និងកិច្ចការបរទេសឯរាជ្យ។
មុននោះនៅក្នុងសម័យប្រជុំពិសេសស្ដីពីអ៊ុយក្រែន មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចចិត្តរបស់ប្រទេសលោកខាងលិច ដែលព្យួរសមាជិកភាពរបស់រុស្ស៊ីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ប្រទេសចំនួន ៩៣ បានបោះឆ្នោតគាំទ្រលើសេចក្ដីសម្រេចចិត្តនេះ ប្រទេសចំនួន ២៤ បានបោះឆ្នោតប្រឆាំង ហើយប្រទេសចំនួន ៥៨ ទៀតបានបោះឆ្នោតអនុប្បវាទ។ សេចក្ដីសម្រេចចិត្តនេះត្រូវបានអនុម័ត៕