រុស្ស៊ីស្វាគមន៍ការចូលរួមរបស់អាមេរិក ក្នុងការដោះស្រាយជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី១៨ ខែមករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា ទីក្រុងម៉ូស្គូបានស្វាគមន៍សហរដ្ឋអាមេរិក ចូលរួមកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov។(រូវថត៖ AFP/TTXVN)
|
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅទីក្រុងម៉ូស្គូ លោក Lavrov ក៏បានរំលឹកសារជាថ្មីថា អ៊ុយក្រែនកំពុង "បំផ្លិចបំផ្លាញ" ការអនុវត្តកិច្ចព្រមព្រៀង សំដៅបញ្ចប់ជម្លោះរវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន និងកងកម្លាំងបះបោរនៅភាគខាងកើតប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេសលោក Lavrov បានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូកំពុងរង់ចាំការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងតម្រូវការសន្តិសុខ ដែលរុស្ស៊ីបានស្នើឡើងដល់បណ្តាប្រទេសលោកខាងលិច មុនពេលបន្តការចរចាស្តីពីអ៊ុយក្រែនឡើងវិញ។ តម្រូវការទាំងនេះ គឺជាខ្លឹមសារស្នូលក្នុងការចរចាចំនួនបីដាច់ដោយឡែកពីគ្នា រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវ(ស្វីស) ជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) និងតំណាងក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប(OSCE) នៅទីក្រុងវីយែន (អូទ្រីស) ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសលោក Baerbock បានអះអាងថា អាល្លឺម៉ង់បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសន្ទនាដ៏ហ្មត់ចត់ជាមួយរុស្ស៊ី អំពីការបោះជំហានរួមគ្នាដើម្បីធានាសន្តិសុខនៅអឺរ៉ុប។ អាល្លឺម៉ង់និងរុស្ស៊ីនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីស្ដារឡើងវិញកិច្ចប្រជុំតាមទម្រង់ Normandy ឲ្យបានឆាប់ៗ៕