លើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យក្លាយទៅជាសសរស្តម្ភក្នុងទំនាក់ទំនងវៀតណាម-ឡាវ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី ១៧ ឧសភា នៅទីក្រុងវៀងច័ន្ទ ឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីឡាវ Phankham Viphavanh |
អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមយកចិត្តទុកដាក់ជាពិសេសដល់ការងារកសាង និងសុក្រិតរៀបរបប និងច្បាប់ដើម្បីឆ្លើយតបនឹងតម្រូវការនៃបុព្វហេតុផ្លាស់ប្ដូរថ្មី និងការធ្វើសមាហរណកម្មអន្តរជាតិ ហើយជានិច្ចកាលគាំទ្រ និងជំរុញការអនុវត្តរាល់កម្មវិធី និងគម្រោងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរវៀតណាម និងឡាវ។
ទាក់ទិននឹងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវសម្របសម្រួលគ្នាអនុវត្តន៍យ៉ាងហ្មត់ចត់នូវរាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយមានលក្ខណៈទម្លុះទំលាយ សំដៅតម្លើងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យក្លាយទៅជាសសរស្តម្ភជាក់ស្តែងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យសមស្របនឹងទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងគន្លង "ប្រក្រតីភាពថ្មី" ;បង្លើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ ទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹង និងការតភ្ជាប់របៀបរបប សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុ និងធនាគារជាដើម។
មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក |
ភាគីទាំងពីរក៏បានអះអាងបន្តសម្របសម្រួលគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសហប្រតិបត្តិការដ៏សំខាន់ផ្សេងៗទៀតដូចជាការពារជាតិ សន្តិសុខ ព្រំដែន ការអប់រំ និងបណ្តុះបណ្តាល ការងារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ កីឡា ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងការប្រាស្រ័យគ្នារវាងប្រជាជនជាមួយប្រជាជន។ ទន្ទឹមនឹងនោះ បន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការ សហប្រតិបត្តិការអនុតំបន់ ទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងក្រខ័ណ្ឌសភាផងដែរ៕