លើកកម្ពស់ថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌា
(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែកក្កដា ពីទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យរដ្ឋាភិបាលឥណ្ឌា ផ្តល់អាទិភាព ជួយឧបត្ថម្ភវៀតណាមក្នុងការទទួលបានវ៉ាក់សាំងតាមទម្រង់ផ្សេងៗនិងលឿនបំផុត តាមដែលអាចធ្វើទៅបាន ហើយទន្ទឹមនឹងនោះ សហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងសម្រាប់វៀតណាម បង្កើតលក្ខខណ្ឌសម្រាប់ភ្នាក់ងារនានានៃភាគីទាំងពីរក្នុងការផ្គត់ផ្គង់វ៉ាក់សាំងរបស់ឥណ្ឌាដល់វៀតណាម។ លោកនាយករដ្ឋមន្រ្តី Narendra Modi បានសម្តែងនូវការត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើវិស័យនេះ ព្រមទាំងអះអាងថា ឥណ្ឌាមានបំណងពង្រឹងទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យផងដែរ។
នាយករដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាអំពីវិធានការដើម្បីជំរុញថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌានាពេលខាងមុខ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅនៃទំហ៊ំពាណិជ្ជកម្មទ្វេភាគី ១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងឆ្នាំ ២០២០ ហើយទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងឈានដល់ប្រមាណ ១០ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរបានឯកភាពបង្កើនការគាំទ្រគ្នាទៅវិញទៅមក និងសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀតនៅវេទិកាក្នុងតំបន់និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ នៅពេលដែលប្រទេសទាំងពីរជាសមាជិក អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០២១។ នាយករដ្ឋមន្រ្តីទាំងពីររូបបានបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាព ក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ៕