លើក​កម្ពស់​ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម​និងក្រិក

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។
លើក​កម្ពស់​ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម​និងក្រិក - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។ (រូបថត៖ VOV)

ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានស្នើឲ្យប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាសេដ្ឋកិច្ចសមុទ្រ ការតម្លើងនាវា និងកំពង់ផែទេសចរណ៍ជាដើម ហើយឯកភាពគ្នាឲ្យបានឆាប់រហ័ស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដង និងការដឹកជញ្ជូនទំនិញតាមសមុទ្រ សំដៅបង្កលក្ខណៈសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ថ្លែងអំណរគុណចំពោះរដ្ឋសភាក្រិក ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) លោកប្រធានរដ្ឋសភាមានបំណងចង់ឲ្យរដ្ឋសភាក្រិក ជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដកកាតលឿងចំពោះជលផលរបស់វៀតណាម។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យប្រធានាធិបតីក្រិក គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការសម្របសម្រួលក្នុងវេទិកាពហុភាគីអន្តរសភា។ នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញថែមទៀតការចងសម្ព័ន្ធមេត្រីភាព រវាងខេត្ត ក្រុងនៃប្រទេសទាំងពីរ រួមទាំងការបញ្ចប់នីតិវិធីចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Sparta និងទីក្រុង Hue រួមចំណែកជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

រីឯខ្លួនវិញ ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou បានចាត់ទុកថា ប្រទេសទាំងពីរគួរតែពឹងផ្អែកលើសក្តានុពលរបស់ប្រទេសនីមួយៗ ដើម្បីជំរុញកំណើននៃទំហំពាណិជ្ជកម្ម; ដោយសង្ឃឹមថា នៅពេលដែលកិច្ចព្រមព្រៀងដែនសមុទ្រ កិច្ចព្រមព្រៀងជៀសវាងការយកពន្ធពីរដងត្រូវបានចុះហត្ថលេខា នឹងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ