លើកតម្កើងសហគ្រាសនិងសហគ្រិនឆ្នើមនៅខេត្តក្រុងជាច្រើន
(VOVWORLD) - ថ្ងៃទី ១៣ តុលា ជាខួបលើកទី ២០ ទិវាសហគ្រិន
វៀតណាម (១៣ តុលា ២០០៤ - ១៣ តុលា ២០២៤)។ ក្នុងឱកាសនេះ សហគ្រាស និងសហគ្រិនឆ្នើមជិត ១៨០ ក្នុងឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ ត្រូវបានលើកតម្កើងក្នុងពិធីកាលពីយប់ថ្ងៃទី ១១ តុលា។ ក្នុងពេលជាមួយគ្នានោះ ខេត្ត Kon Tum ក៏បានរៀបចំកិច្ចសន្ទនាធុរកិច្ចលើកទី២ឆ្នាំ២០២៤។
សហគ្រិនឆ្នើមរបស់ទីក្រុងហូជីមិញត្រូវបានលើកតម្កើងនៅក្នុងពិធី។ (រូបថត៖ VOV5) |
សហគ្រាសនិងសហគ្រិនជិត ១៨០ នៃទីក្រុងហូជីមិញ ត្រូវបានលើកតម្កើងនោះ គឺជាសហគ្រាសនិងសហគ្រិនដែលមានសមិទ្ធិផលឆ្នើមក្នុងផលិតកម្ម អាជីវកម្ម និងជំរុញស្មារតីនវានុវត្តន៍។ សហគ្រាសទាំងនេះក្នុងរយៈពេល ២ ឆ្នាំកន្លងមក បានបង្កើតការងារជូនកម្មករចំនួន ៥៨ ពាន់នាក់ រួមវិភាគទានរាប់រយពាន់លានដុងដល់សកម្មភាពសប្បុរសធម៌ និងសង្គម។ នេះក៏ជាសហគ្រាសដែលមានយុទ្ធសាស្ត្រ និងកម្មវិធីអភិវឌ្ឍន៍យូរអង្វែង មានផលិតផលនិងសេវាកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងគំរូសេដ្ឋកិច្ចវិលជុំ ដែលស្របតាមនិន្នាការអភិវឌ្ឍន៍សកល។
ក្នុងពេលជាមួយគ្នានោះ នារសៀលថ្ងៃទី ១១ តុលា នៅទីក្រុង Kon Tum គណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានរៀបចំពិធីរំលឹកខួបលើកទី ២០ ទិវាសហគ្រិនវៀតណាម និងបានរៀបចំកិច្ចសន្ទនាធុរកិច្ចលើកទី ២ ឆ្នាំ ២០២៤។ ថ្លែងក្នុងពិធីនេះ លោក Le Ngoc Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានអះអាងពីតួនាទីរបស់សហគមន៍ធុរកិច្ចចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ រួមចំណែកនាំខេត្តសម្រេចបាននូវអត្រាកំណើនជាង ៧% ដែលជាកម្រិតខ្ពស់បំផុតនៅតំបន់ Tay Nguyen។ លោក Le Ngoc Tuan បានសម្ដែងគោលបំណងថា៖
“សហគ្រាស សហគ្រិន និងវិនិយោគិនបន្តលើកកំពស់ស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពក្នុងសហគមន៍ធុរកិច្ច ជំនះការលំបាក ស្វែងរកទីផ្សារប្រើប្រាស់ផលិតផល អនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿន ជ្រើសរើសមនុស្សដែលមានទេពកោសល្យដើម្បីអភិវឌ្ឍន៍ និងកែលម្អគុណភាពផលិតផល; កសាងរូបភាពនៃសហគ្រិនដ៏ជោគជ័យដោយផ្សារភ្ជាប់នឹងវប្បធម៌អាជីវកម្ម ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសុខុមាលភាពសង្គម”៕