លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យ និងដឹកនាំការងារបង្ការគ្រោះរាំងស្ងួតនៅខេត្ត Ninh Thuan
(VOVWORLD) - រសៀលថ្ងៃទី ២៨ មេសា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះត្រួតពិនិត្យស្ថានភាពគ្រោះរាំងស្ងួតនៅស្រុក Ninh Son; ពិនិត្យគម្រោងប្រព័ន្ធធារាសាស្ត្រ Tan My និងដឹកនាំការងារបង្ការទប់ទល់នឹងកំដៅខ្លាំងនិងគ្រោះរាំងស្ងួតនៅខេត្ត Ninh Thuan។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីដែលចូលរួមកសាងគម្រោងប្រព័ន្ធធារាសាស្ត្រ Tan My។ (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Ninh Thuan តាមដានយ៉ាងដិតដល់នូវស្ថានភាព បង្កើនការដឹកនាំ និងដាក់ចេញដំណោះស្រាយ ដើម្បីឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុជ្រុល ជាពិសេសកំដៅខ្លាំង និងគ្រោះរាំងស្ងួត; កាត់បន្ថយការខូចខាតនៅកម្រិតទាបបំផុតលើផលិតកម្ម និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។
តាមលោកនាយករដ្ឋមន្ត្រី ខេត្ត Ninh Thuan ត្រូវអនុវត្តន៍ដំណោះស្រាយឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការ ទប់ទល់នឹងកំដៅខ្លាំង គ្រោះរាំងស្ងួត និងកង្វះទឹកក្នុងតំបន់; ដំណើរការប្រព័ន្ធធារាសាស្ត្រប្រកបដោយប្រសិទ្ធភាព និងប្រមូលទឹក ម្ចាស់ការស្ដុកទុកទឹក ដើម្បីធានាការឆ្លើយតបនឹងតម្រូវការទឹកស្រោចស្រពជាអប្បបរមាសម្រាប់ដំណាំនៅពេលមានកង្វះខាតទឹក កាត់បន្ថយការខូចខាតដល់ផលិតកម្ម និងអាជីវកម្ម ជាពិសេសផលិតកម្មកសិកម្ម។ ទន្ទឹមនឹងនោះ រៀបចំនិងដាក់ពង្រាយដំណោះស្រាយ ដើម្បីធានាការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ មិនទុកឲ្យប្រជាពលរដ្ឋខ្វះខាតទឹក សម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ។ ក្នុងករណីចាំបាច់ ត្រូវកៀងគរកម្លាំង និងមធ្យោបាយដឹកជញ្ជូនទឹក ដើម្បីផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បក្ស រដ្ឋនឹងយកចិត្តទុកដាក់ និងដោះស្រាយការលំបាកទាក់ទងនឹងទឹកសម្រាប់ខេត្ត Ninh Thuan៕