លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចជួរមុខរបស់ជប៉ុន

(VOVWORLD) - ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសជប៉ុន នារសៀលថ្ងៃទី ១៦ ធ្នូ នៅទីក្រុងតូក្យូ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឈានមុខមួយចំនួនរបស់ជប៉ុនក្នុងវិស័យ ថែទាំសុខភាព ថាមពល និងប្រេងឧស្ម័ន។

ទទួលជួបលោក Takagi Kuninori ប្រធានសម្ព័ន្ធក្រុមហ៊ុនសុខាភិបាល IHW លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍សម្ព័ន្ធក្រុមហ៊ុន IHW ដែលមានផែនការអនុវត្តគម្រោងសាងសង់គ្រឹះស្ថានពិនិត្យសុខភាព ព្យាបាលជំងឺតាមស្តង់ដារជប៉ុននៅប្រទេសវៀតណាម។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមនឹងដឹកនាំក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រជាជននៃមូលដ្ឋាននានា ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់គម្រោងនេះត្រូវបានអនុវត្តន៍ដោយរលូន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ ប្រធានសម្ព័ន្ធក្រុមហ៊ុន IHW នាពេលខាងមុខ បន្តយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សវេជ្ជសាស្ត្រប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម ហើយបង្កើតលក្ខខណ្ឌអំណោយផល និងបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម។

ប្រធានសម្ព័ន្ធក្រុមហ៊ុន IHW លោក Takagi Kuninori មានបំណងចង់បន្តសហការជាមួយវៀតណាមក្នុងការបណ្តុះបណ្តាលនិស្សិតវេជ្ជសាស្ត្រនៅប្រទេសជប៉ុន ហើយគ្រោងនឹងសាងសង់មន្ទីរពេទ្យដ៏ធំនិងទំនើបគ្រប់គ្រាន់សម្រាប់ការពិនិត្យព្យាបាលជំងឺ និងថែទាំសុខភាពសម្រាប់ប្រជាជនវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចជួរមុខរបស់ជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោក Hidenori Harada ប្រធានិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន MOECO។ (រូបថត៖ VNA)

ទទួលជួបលោក Hidenori Harada ប្រធានិងជានាយកប្រតិបត្តិ រួមជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃសម្ព័ន្ធក្រុមហ៊ុន MOECO ដែលប្រតិបត្តិការក្នុងវិស័យធនធានរ៉ែ ថាមពល ឧបករណ៍ សារធាតុគីមី អាហារ វាយនភណ្ឌ និងហិរញ្ញវត្ថុលើទូទាំងពិភពលោក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនពង្រឹង និងពង្រីកសកម្មភាពវិនិយោគ និងអាជីវកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងគាំទ្រ ហើយបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសជប៉ុន ដើម្បីអនុវត្តន៍សកម្មភាពវិនិយោគអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងចីរភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ