លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសប្រេស៊ីល និងរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់

(VOVWORLD) - នារសៀលថ្ងៃទី១០ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក Mauro Vieira និងរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ អាសឺវ៉ែក Paul Richard Gallagher ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរមកបំពេញទស្សនកិច្ចនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសប្រេស៊ីល និងរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក Mauro Vieira។ (រូបថត៖ VNA)

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ; ស្នើឲ្យប្រេស៊ីលទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗ និងបន្តសម្របសម្រួលជាមួយបណ្តាប្រទេសនៃទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុក ព្រមទាំងជំរុញក្របខ័ណ្ឌគតិយុត្តិស្តីពីពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ខិតខំបង្កើនទំហំពាណិជ្ជកម្មវៀតណាម-ប្រេស៊ីលឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ និង ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពលស្អាត នវានុវត្តន៍ ការអប់រំ-បណ្តុះបណ្តាល និងកីឡា ផងដែរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសប្រេស៊ីល និងរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងរដ្ឋមន្រ្តីការបរទេសនៃបុរីវ៉ាទីកង់
អាសឺវ៉ែក Paul Richard Gallagher។ (រូបថត៖ VNA)

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសនៃបុរីវ៉ាទីកង់ អាសឺវ៉ែក Paul Richard Gallagher។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ដំណើរទស្សនកិច្ចលើកដំបូងមកវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសនៃបុរីវ៉ាទីកង់ ជាពិសេសបន្ទាប់ពីការបង្កើតតំណាងអចិន្ត្រៃយ៍ប្រចាំវៀតណាមនោះ គឺមានអត្ថន័យសំខាន់សម្រាប់សហគមន៍សាសនាកាតូលិកវៀតណាម រួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកង់ ដែលកំពុងអភិវឌ្ឍន៍យ៉ាងវិជ្ជមាន។

ពិភាក្សាអំពីស្ថានភាពសាសនានៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា វៀតណាមជាប្រទេសពហុសាសនា ដោយមានអ្នកកាន់សាសនាចំនួន ២៤ លាននាក់ ស្មើនឹង ២៧% នៃចំនួនប្រជាជនសរុប ក្នុងនោះសហគមន៍សាសនាកាតូលិកកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាជាមួយនឹងអ្នកកាន់សាសនាកាតូលិកជាង ៧,២ លាននាក់។ លោកនាយករដ្ឋមន្រ្តីអះអាងថា រដ្ឋវៀតណាមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនជានិច្ចនូវគោលនយោបាយគោរពនិងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជនជាមួយនឹងប្រព័ន្ធគោលនយោបាយនិងច្បាប់ស្តីពីជំនឿសាសនាដែលកាន់តែប្រសើរឡើងៗ ធានានូវច្រករបៀងផ្លូវច្បាប់សម្រាប់សកម្មភាពសាសនា។

ចំពោះទំនាក់ទំនងវៀតណាម-បុរីវ៉ាទីកង់ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឯកភាពជាមួយរដ្ឋមន្ត្រីការបរទេស Paul Richard Gallagher លើការបន្តជំរុញការជួបប្រាស្រ័យជាន់ខ្ពស់ រួមទាំងដំណើរទស្សនកិច្ចនៅវៀតណាមរបស់សម្តេចប៉ាប Francis៕

ប្រតិកម្មទៅវិញ

ផ្សេងៗ