លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការពារជាតិជប៉ុន
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រសួងការពារជាតិទាំងពីរ បង្កើនការផ្លាស់ប្តូរ និងការយល់ដឹងគ្នា ពង្រឹងទំនុកចិត្តទៅវិញទៅមក និងសហប្រតិបត្តិការជាមួយគ្នាដោយឈរលើមូលដ្ឋានដ៏សមស្របនឹងតម្រូវការ និងសមត្ថភាព និងផលប្រយោជន៍ទៅវិញទៅមក។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Kihara Minoru។ (រូបថត៖ VGP) |
នារសៀលថ្ងៃទី ៦ សីហា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Kihara Minoru ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើការគោរព និងបំណងចង់រួមជាមួយប្រទេសជប៉ុន អនុវត្តន៍យ៉ាងជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជំរុញវិនិយោគិនជប៉ុន បន្តបណ្ដាក់ទុនដោយគុណភាពខ្ពស់បន្ថែមទៀតចូលមកវៀតណាម រួមជាមួយនឹងការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការលើកកំពស់សមត្ថភាពគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម។
ដោយអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ និងស្នើឲ្យក្រសួងការពារជាតិទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា ជំនួយឧបករណ៍ សន្តិសុខអ៊ីនធឺណិត កិច្ចសហប្រតិបត្តិការរវាងសហគ្រាសការពារជាតិ...លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រសួងការពារជាតិទាំងពីរ បង្កើនការផ្លាស់ប្តូរ និងការយល់ដឹងគ្នា ពង្រឹងទំនុកចិត្តទៅវិញទៅមក និងសហប្រតិបត្តិការជាមួយគ្នាដោយឈរលើមូលដ្ឋានដ៏សមស្របនឹងតម្រូវការ និងសមត្ថភាព និងផលប្រយោជន៍ទៅវិញទៅមក។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព សេរីភាពអាកាសចរណ៍ និងនាវាចរណ៍នៅសមុទ្រខាងកើត ការដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕