លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមជំរុញការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង
(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ដំណើរការផ្លាស់ប្តូរឌីជីថលនៅវៀតណាមកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា និងកាន់តែស៊ីជម្រៅ។ ការផ្លាស់ប្តូរឌីជីថលគឺជាគោលនយោបាយ និងទិសដៅសំខាន់របស់បក្ស និងរដ្ឋ ជាការងារដែលត្រូវដំណើរការជាប្រចាំ តាមដាននិងបញ្ជាណែនាំយ៉ាងឌិតដល់និងអនុវត្តន៍យ៉ាងប្តូរផ្តាច់។
លោកនាយករដ្ឋមន្ត្រីបានដឹកនាំសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការជាតិ ស្តីពីការផ្លាស់ប្តូរឌីជីថល (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ៨ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល លោក Pham Minh Chinh បានដឹកនាំសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការ សំដៅវាយតម្លៃលទ្ធផលពីការផ្លាស់ប្តូរឌីជីថលក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ និងកំណត់ដំណោះស្រាយ និងភារកិច្ចសម្រាប់ការផ្លាស់ប្តូរឌីជីថលនាពេលខាងមុខ។
អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ដំណើរការផ្លាស់ប្តូរ ឌីជីថលនៅវៀតណាមកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា និងកាន់តែស៊ីជម្រៅ។ ការផ្លាស់ប្តូរឌីជីថលគឺជាគោលនយោបាយ និងទិសដៅសំខាន់របស់បក្ស និងរដ្ឋ ជាការងារដែលត្រូវដំណើរការជាប្រចាំ តាមដាននិងបញ្ជាណែនាំយ៉ាងឌិតដល់និងអនុវត្តន៍យ៉ាងប្តូរផ្តាច់។ វៀតណាមត្រូវជំរុញការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងបំផុត ប្រមុខរដ្ឋាភិបាលរូបនេះ បានបញ្ជាក់នូវភារកិច្ចរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល គឺត្រូវដឹកនាំ និងរៀបចំការអនុវត្តគោលការណ៍ណែនាំ យន្តការ និងគោលនយោបាយ ដើម្បីជំរុញដំណើរការនៃការផ្លាស់ប្តូរឌីជីថលជាតិ ដោយតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយកំណែទម្រង់រដ្ឋបាល; អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ជាពិសេស បង្កលក្ខណៈងាយស្រួលដល់ការអនុវត្តបដិវត្តន៍ឧស្សាហកម្មលើកទី៤ នៅវៀត ណាម។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិស្តីពីការប្រែក្លាយឌីជីថល (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានា បន្តជំរុញការតភ្ជាប់ប្រព័ន្ធព័ត៌មាន មូលដ្ឋានទិន្នន័យជាតិ និងឯកទេស ជាមួយមជ្ឈមណ្ឌលព័ត៌មាន ដឹកនាំ និងប្រតិបត្តិការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បង្កើតប្រព័ន្ធព័ត៌មាន ដើម្បីបម្រើឱ្យទិសដៅ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលផ្អែកលើទិន្នន័យពេលវេលាជាក់ស្តែង ធានាឱ្យមានការធ្វើសមកាលកម្ម ស្ថិរភាព និងភាពត្រឹមត្រូវ។ មូលដ្ឋានជ្រើសរើស និងប្រកាសវេទិកាឌីជីថលដែលខ្លួនកំពុងផ្តោតការប្រើប្រាស់ក្នុងឆ្នាំ ២០២២នេះ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ផ្តោតលើការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់បម្រើការផ្លាស់ប្តូរឌីជីថល; ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផ្លាស់ប្តូរឌីជីថល ជាពិសេសកិច្ចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្សក្នុងការគ្រប់គ្រងទំនើប និងទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពង្រឹងការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការផ្លាស់ប្តូរឌីជីថលដល់ប្រជាជន និងអាជីវកម្ម; ជួយប្រជាជន និងអាជីវកម្មបង្កើនការយល់ដឹង និងយល់ពីអត្ថប្រយោជន៍ និងប្រសិទ្ធភាពនៃការផ្លាស់ប្តូរឌីជីថល៕