លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទប្រកាសផែនការមេនិងជំរុញការវិនិយោគនៅខេត្ត Ninh Thuan
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មេសា នៅទីក្រុង Phan Rang - Thap Cham នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការមេ និងជំរុញការវិនិយោគនៅខេត្ត Ninh Thuan។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទប្រកាសផែនការមេនិងជំរុញការវិនិយោគនៅខេត្ត Ninh Thuan។ (រូបថត៖ VOV) |
Ninh Thuan គឺជាខេត្តជាប់មាត់សមុទ្រមួយ នៅឆ្នេរសមុទ្រប៉ែកខាងត្បូងភូមិភាគកណ្ដាល ដែលមានទីតាំងនៅចំណុចប្រសព្វនៃអ័ក្សចរាចរណ៍យុទ្ធសាស្ត្រចំនួនបីដែលតភ្ជាប់តំបន់ទាំងបីគឺតំបន់ប៉ែកខាងកើតភាគខាងត្បូង តំបន់ប៉ែកខាងត្បូងភូមិភាគកណ្ដាល និងតំបន់ខ្ពង់រាប Tay Nguyen; មានសក្ដានុពលច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍ កសិកម្ម រុក្ខាប្រមាញ់ នេសាទ ថាមពលកកើតឡើងវិញ និងឧស្សាហកម្ម ជាពិសេស ឧស្សាហកម្មកែច្នៃកសិផល។
ផែនការមេខេត្ត Ninh Thuan ដំណាក់កាល ២០២១ - ២០៣០ បើកទូលាយលំហអភិវឌ្ឍន៍ថ្មីជាមួយនឹងគោលដៅថ្មីដែលថា នៅឆ្នាំ២០៣០ Ninh Thuan នឹងក្លាយជាខេត្តមួយដែលមានប្រាក់ចំណូលជាមធ្យមកម្រិតខ្ពស់នៃប្រទេសទាំងមូល ជាមួយនឹងការអភិវឌ្ឍយ៉ាងស្វាហាប់ ឆាប់រហ័ស និងប្រកបដោយចីរភាព ដោយមានសេដ្ឋកិច្ចសមុទ្រ និងសេដ្ឋកិច្ចទីក្រុង ជាកម្លាំងចលករសម្រាប់កំណើន។ នៅឆ្នាំ ២០៥០ Ninh Thuan នឹងក្លាយជាខេត្តមួយដែលមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ឆាប់រហ័ស និងប្រកបដោយចីរភាព ជាមួយនឹងសេដ្ឋកិច្ចចម្រុះ និងវិបុលភាព។
ទិដ្ឋភាពនៃសន្និសីទ។ |
អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យ Ninh Thuan ផ្តោតលើការកៀងគរ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ធនធានស្របច្បាប់ ដើម្បីជំរុញកម្លាំងចលករកំណើនប្រពៃណី (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់); បង្កើតរបកគំហើញនៅក្នុងកម្លាំងចលករកំណើនថ្មី (សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព)។ ពង្រឹងការតភ្ជាប់តំបន់ ក្នុងប្រទេស និងអន្តរជាតិ តាមរយៈប្រព័ន្ធគមនាគមន៍ ប្រព័ន្ធផលិតកម្ម ការផ្គត់ផ្គង់តាមខ្សែសង្វាក់ និងការតភ្ជាប់ទីផ្សារ; ពន្លឿនគម្រោងថាមពលកកើតឡើងវិញ កំពង់ផែសមុទ្រចម្រុះ គម្រោងថាមពលឧស្ម័ន LNG; បង្កើត និងអភិវឌ្ឍន៍សួនឧស្សាហកម្ម Ca Na។
ក្នុងសន្និសីទនេះ ខេត្ត Ninh Thuan បានប្រគល់សេចក្តីសម្រេចអនុម័តគោលជំហរវិនិយោគ វិញ្ញាបនបត្រ និងចុះហត្ថលេខាលើអនុស្សរណៈនៃការចុះឈ្មោះវិនិយោគ ដើម្បីដាក់ពង្រាយគម្រោងចំនួន ១៥ ដែលមានដើមទុនរំពឹងទុកសរុបជាង ៥,៧ ពាន់លានដុល្លាអាមេរិក៕