លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការ Francophonie
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើថា ប្លុក Francophone មានដំណោះស្រាយជាក់ស្តែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិក បង្កើតលក្ខខណ្ឌសម្រាប់ប្រទេសក្រីក្រក្នុងការអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិ Francophone (OIF) (រូបថត៖ Duong Giang-TTXVN) |
នាថ្ងៃទី ៥ ខែវិច្ឆិកា ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការ Francophone លោកស្រី Louise Mushikiwabo នៅទីស្នាក់ការកណ្តាលនៃអង្គការអន្តរជាតិ Francophone លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហគមន៍ Francophone ហើយតែងតែរួមចំណែកយ៉ាងសកម្មចំពោះសកម្មភាពទូទៅរបស់ Francophone។
នាយករដ្ឋមន្ត្រីបានស្នើថា ប្លុក Francophone មានដំណោះស្រាយជាក់ស្តែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិក បង្កើតលក្ខខណ្ឌសម្រាប់ប្រទេសក្រីក្រក្នុងការអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ និងមាន FTA ជាមួយសេដ្ឋកិច្ចចំនួន ៦០ ក្នុងនោះមានសេដ្ឋកិច្ច Francophone មួយចំនួន ហើយនេះជាលក្ខណៈអំណោយផលនិងមូលដ្ឋានច្បាប់ដើម្បីវៀតណាមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេស Francophone។ វៀតណាមមានត្រៀមខ្លួនជាស្រេច ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទូរគមនាគមន៍ និងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀតជាមួយបណ្តាប្រទេស Francophone។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី និងលោកស្រីអគ្គលេខាធិការ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតបំណងកិច្ចសហប្រតិបត្តិការចំនួនពីរ រវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងកសិកម្ម Gabon ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្ម និងនាំចេញកាហ្វេ និងរវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងអង្គការអន្តរជាតិ Francophonie ស្តីពីការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគី៕