លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ចសង្គមនៅខេត្ត Hai Duong
(VOVWORLD) - សិក្សាស្រាវជ្រាវគោលនយោបាយថែទាំដល់ជីវភាពខាងសំភារៈ ស្មារតី ផ្តោតលើការបណ្តុះបណ្តាល បំពាក់បំប៉ន លើកកម្ពស់គុណភាពជួរគ្រូបង្រៀន បុគ្គលិក កម្មាភិបាលគ្រប់គ្រងនៃមជ្ឈមណ្ឌលគាំពារសង្គម។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh |
ក្នុងកម្មវិធីការងារនៅខេត្ត Hai Duong នារសៀលថ្ងៃទី ១៥ មីនា លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាល អញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្ត និងជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចំកាត់ Ford វៀតណាម នៅរោងចក្រផលិត តម្លើងរថយន្ត Ford វៀតណាម។ នៅមជ្ឈមណ្ឌលគាំពារសង្គម Hai Duong ដែលកំពុងគ្រប់គ្រង ចិញ្ចឹមបីបាច់ថែរក្សាមនុស្សចាស់ជរាឯកោ ជនពិការ កុមារពិការចំនួន ៥០០ នាក់ ដែលមានស្ថានភាពរស់នៅលំបាកពិសេស លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យខេត្ត Hai Duong បន្តអនុវត្តន៍គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋស្ដីពីការងារគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ សិក្សាស្រាវជ្រាវគោលនយោបាយថែទាំដល់ជីវភាពខាងសំភារៈ ស្មារតី ផ្តោតលើការបណ្តុះបណ្តាល បំពាក់បំប៉ន លើកកម្ពស់គុណភាពជួរគ្រូបង្រៀន បុគ្គលិក កម្មាភិបាលគ្រប់គ្រងនៃមជ្ឈមណ្ឌលគាំពារសង្គម។ លើសពីនេះទៅទៀត វិនិយោគលើមូលដ្ឋានសំភារៈ បរិក្ខារ បម្រើការថែទាំមនុស្សចាស់ជរាឯកោ និងកុមារ ដែលមានស្ថានភាពរស់នៅលំបាកពិសេសនៅមជ្ឈមណ្ឌល។
ក្នុងជំនួបធ្វើការជាមួយក្រុមហ៊ុនចំកាត់ Ford វៀតណាម លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Ford បន្តពង្រីកការវិនិយោគ ហើយវិនិយោគ និងផ្ទេរប្រគល់បច្ចេកវិទ្យាថ្មី និងវិទ្យាសាស្ត្រគ្រប់គ្រងថ្មីរបស់ Ford ដល់សហគ្រាសវៀតណាម ព្រមទាំងចូលរួមបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់ខេត្ត Hai Duong និយាយដោយឡែក និងវៀតណាមនិយាយរួម។ លោកនាយករដ្ឋមន្ត្រីបានសន្យាថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ព្រមទាំងបង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសបរទេស ក្នុងនោះមាន Ford មកបណ្តាក់ទុនប្រកបដោយប្រសិទ្ធភាពនៅវៀតណាមផងដែរ៕