លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបពិភាក្សាជាមួយអគ្គលេខាធិការនៃ LDP និងជួបជាមួយតំណាងសហគមន៍បញ្ញាវន្តវៀតណាមនៅជប៉ុន
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ តុលា ដើម្បីចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito នោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Nikai Toshihiro អគ្គលេខាធិការនៃគណបក្សប្រជាធិប តេយ្យសេរី (LDP) កាន់អំណាចនិងប្រធានសហភាពសភាមិត្តភាពជប៉ុន - វៀតណាមក៏ដូចជាសមាជិកនៃសហភាព ព្រមទាំងជួបសំណេះសំណាលជាមួយ តំណាងសហគមន៍បញ្ញាវន្តវៀតណាមនៅជប៉ុនផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយលោក ជាមួយលោក Nikai Toshihiro |
នៅក្នុងជំនួបជាមួយលោក Nikai Toshihiro នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ភាពជាដៃគូយុទ្ធសាស្រ្តដ៏ធំទូលាយរវាងវៀត ណាម និងជប៉ុន កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយ លើវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងពលកម្មជាដើម។
អគ្គលេខាធិការ លោក Nikai បានថ្លែងអំណរគុណ ចំពោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលអញ្ជើញចូលរួមក្នុងព្រះរាជពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងវិស័យផ្លាស់ប្តូរគណៈប្រតិភូរដ្ឋសភា កិច្ចសហប្រតិបត្តិការក្នុងតំបន់និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
ក៏ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចនេះផងដែរ ក្នុងពិធីទទួលជួបជាមួយតំណាង សហគមន៍បញ្ញាវន្តវៀតណាមនៅជប៉ុន លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសម្តែងការរីករាយ ចំពោះការអភិវឌ្ឍសហគមន៍វៀតណាមនៅជប៉ុន។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវ អោយសហគមន៍នៅជប៉ុន បន្តលើកកម្ពស់តួនាទី តភ្ជាប់យុវជន ពាណិជ្ជករនិងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ការចូលរួមចំណែករបស់ សហគមន៍និងអំពាវនាវដល់បញ្ញវន្តវៀតណាមវ័យក្មេងនៅប្រទេសជប៉ុននិងនៅជុំវិញពិភពលោកបន្តចូលរួមវិភាគទានបន្ថែមទៀតក្នុងការកសាងប្រទេសវៀតណាមអោយកាន់តែរីកចម្រើនប្រកបដោយវិបុលភាព៕