លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីជួបជុំ ខួបលើកទី៧៥នៃការបោះឆ្នោតជាសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានដកស្រង់សម្ដីរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នាគ្រានោះយ៉ាងដូច្នេះថា៖ “ជាមួយការបោះឆ្នោតសមាជិកសភានីតិកាលទី១នេះ ប្រជាជាតិវៀតណាមជាប្រជាជាតិដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបង្កើតឡើងរដ្ឋមានប្រព័ន្ធនយោបាយ ដោយឈរលើទម្រង់ប្រជាធិបតេយ្យខ្ពស់បំផុតនោះគឺសិទ្ធិបោះឆ្នោតជាសកល”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងបណ្ដាអ្នកតំណាងអញ្ជើញចូលរួមពិធីជួបជុំលើកនេះ។ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី៣ មករា នៅទីក្រុង Tam Ky ខេត្ត Quang Nam នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីជួបជុំ អបអរសាទរខួបលើកទី៧៥នៃការបោះឆ្នោតជាសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម (៦ មករា ឆ្នាំ១៩៤៦ - ៦ មករា ឆ្នាំ២០២១) និងបូកសរុបការងាររបស់គណៈប្រតិភូសមាជិកសភាខេត្ត Quang Nam នីតិកាលទី១៤ (អាណត្តិ២០១៦-២០២១)។
ថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តីបានដកស្រង់សម្ដីរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នាគ្រានោះយ៉ាងដូច្នេះថា៖ “ជាមួយនឹងការបោះឆ្នោតរដ្ឋសភានីតិកាលទី១នេះ ប្រជាជាតិវៀតណាមជាប្រជាជាតិដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបានបង្កើតឡើងរដ្ឋមួយដោយមានប្រព័ន្ធនយោបាយ ដោយឈរលើទម្រង់ប្រជាធិបតេយ្យខ្ពស់បំផុតនោះគឺសិទ្ធិបោះឆ្នោតជាសកល”។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជាសកលលើកដំបូងនេះ នៅតែជាមេរៀនដ៏ថ្លៃថ្លាដែលជួយវៀតណាមធ្វើសុក្រិតនូវប្រព័ន្ធបោះឆ្នោតនាសព្វថ្ងៃ។ នោះគឺការបោះឆ្នោតជាសកលដើម្បីស្ថាបនាអាជ្ញាធររបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន។
គួរជម្រាបបន្ថែមទៀតថា ក្នុងការបោះឆ្នោតជាសកលលើកដំបូងរបស់ប្រទេសវៀតណាមឯករាជ្យ បេក្ខជននៃខេត្ត Quang Nam ទាំង១៤នាក់ ដែលបានតែងតាំងដោយរណសិរ្ស Viet Minh និងបេក្ខជនម្នាក់ទៀតគឺលោក Dinh Tuu ដែលបានតាំងតែងដោយជនរួមជាតិភាគតិចនៅតាមបណ្ដាស្រុកព្រៃភ្នំ សុទ្ធតែជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៕