លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញធ្វើជាអធិតីនៅកិច្ចប្រជុំអំពីស្ថានភាពសេដ្ឋកិច្ចសង្គម
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ជម្ងឺ Covid-19 កំពុងផ្ទុះឡើងវិញនៅវៀតណាម ដោយមានការប្រែប្រួលយ៉ាងស្មុគស្មាញនិងសាហាវជាងមុន ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីសំណូមពរឲ្យក្រសួង ស្ថាប័ននិងតំបន់ទាំងអស់ បន្តខិតខំប្រឹងប្រែងថែមទៀតដើម្បីធានាជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាសម្រេចឲ្យបានល្អបំផុតនូវគោលដៅសេដ្ឋកិច្ចសង្គមដែលត្រូវបានដាក់ចេញផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាល។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី២ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដានិងរយៈ៧ខែឆ្នាំ២០២០កន្លង មក។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ជម្ងឺ Covid-19 កំពុងផ្ទុះឡើងវិញនៅវៀតណាម ដោយមានការប្រែប្រួលយ៉ាងស្មុគស្មាញនិងសាហាវជាងមុន ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីសំណូមពរឲ្យក្រសួង ស្ថាប័ននិងតំបន់ទាំងអស់ បន្តខិតខំប្រឹងប្រែងថែមទៀតដើម្បីធានាជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាសម្រេចឲ្យបានល្អបំផុតនូវគោលដៅសេដ្ឋកិច្ចសង្គមដែលត្រូវបានដាក់ចេញផងដែរ។ ជាក់ស្ដែងគឺ ត្រូវតែជំរុញការបើកចំណាយទុន វិនិយោគសាធារណៈ ជំរុញផលិតកម្ម បង្កើតការងារធ្វើ អនុវត្តឲ្យបានល្អនូវគោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុ ហើយជំរុញខ្លាំងក្លានូវការទាក់ទាញទុនវិនិយោគពីសង្គម ជាពិសេសគឺទុនវិនិយោគឯកជននិងទុនវិនិយោគបរទេស។ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ត្រូវការបើកទូលាយទីផ្សារនាំចេញ ចាត់វិធានការជួយសហគ្រាសកាត់បន្ថយការចំណាយ ព្រមទាំងអភិវឌ្ឍទីផ្សារក្នុងប្រទេសផងដែរ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានបញ្ជាដឹកនាំឲ្យត្រូវការធានាសុវត្ថិភាពសេដ្ឋកិច្ចសង្គម ការពារគ្រប់សមាសភាគនៃខឿនសេដ្ឋកិច្ចជាតិ មិនទុកឲ្យភាពអត់ការងារធ្វើរីករាលដាលនោះឡើយ។ ហេតុដូច្នេះ ក្រសួង ស្ថាប័ននិងតំបន់ទាំងអស់ត្រូវការត្រៀមរៀបចំគ្រប់សេណារីយ៉ូនិងវិធានការសេដ្ឋកិច្ចសម្រាប់ដំណាក់កាលខាងមុខ៕