លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បណ្ឌិត្យសភាការពារជាតិត្រូវយកសាលាជាមូលដ្ឋានគ្រឹះ គ្រូបង្រៀនជាកម្លាំងចលករ សិក្ខាកាមជាមជ្ឈមណ្ឌល
(VOVWORLD) - ពោលគឺត្រូវ “យកសាលាជាមូលដ្ឋានគ្រឹះ” “យកគ្រូធ្វើជាកម្លាំងចលករ” “យកសិក្ខាកាមជាមជ្ឈមណ្ឌល” ដោយផ្តោត “អន្តរកម្ម” រវាងគ្រូនិងអ្នកសិក្សា ដើម្បីបង្កើតផលវិជ្ជមានក្នុងដំណើរការបង្រៀននិងរៀនផងដែរ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅក្នុងពិធី (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ២២ ខែកញ្ញានៅទីក្រុងហាណូយ អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៃបណ្ឌិត្យសភាការពារជាតិ (ក្រសួងការពារប្រទេស) លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា៖ ការបណ្តុះបណ្តាលនិងបំប៉ន់ជួរកម្មាភិបាលកម្រិតខ្ពស់របស់បក្ស រដ្ឋនិងកងទ័ពគឺជាដំណាក់កាលដ៏សំខាន់និងមានអត្ថន័យសម្រេចសម្រាប់ការអភិវឌ្ឍប្រទេសជាតិនិងប្រជាជាតិ នាំបុព្វហេតុបដិវត្តន៍របស់បក្សឆ្ពោះទៅរកជ័យជំនះចុងក្រោយ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានក្រើនរំលឹកសិក្ខាកាមនូវបេសកកម្មមួយចំនួននៅក្នុងបណ្ឌិត្យសភាក្នុងឆ្នាំសិក្សា ២០២១-២០២២ និងអនាគត ដូចជា ការបង្កើតចំណុចលោតផ្លោះក្នុងការផ្លាស់ប្តូរថ្មីនិងគ្រប់ជ្រុងជ្រោយវិស័យអប់រំនិងបណ្តុះបណ្តាល ព្រមទាំងអភិវឌ្ឍន៍ប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ព្រមទាំង បន្តច្នៃប្រឌិតវិធីសាស្រ្តបង្រៀននិងរៀនក្នុងទិសដៅវិជ្ជមានឆ្ពោះទៅផ្លាស់ប្តូរថ្មី។ ពោលគឺត្រូវ “យកសាលាជាមូលដ្ឋានគ្រឹះ” “យកគ្រូបង្រៀនធ្វើជាកម្លាំងចលករ” “យកសិក្ខាកាមជាមជ្ឈមណ្ឌល” ដោយផ្តោត “អន្តរកម្ម” រវាងគ្រូនិងអ្នកសិក្សា ដើម្បីបង្កើតផលវិជ្ជមានក្នុងដំណើរការបង្រៀននិងរៀនផងដែរ។
លោកនាយករដ្ឋមន្រ្តីមានបំណងចង់ឲ្យបណ្ឌិត្យសភាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបណ្តុះបណ្តាល បន្តពង្រីកនិងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិត្យសភា សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវការពារជាតិនៃបណ្តាប្រទេសនិងការអប់រំការពារជាតិជឿន លឿនលើពិភពលោក៕