លោកនាយករដ្ឋមន្រ្តីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីផែនការនាំចេញអង្ករ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាពីវិធានការសម្រាប់អនុញ្ញាតឱ្យមានការនាំចេញអង្ករបន្ថែមទៀត ដោយឈរលើមូលដ្ឋានធានាសន្តិសុខស្បៀងក្នុងស្រុក។
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP) |
នារសៀលថ្ងៃទី ២៨ ខែមេសា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួន ថ្នាក់ដឹកនាំសំខាន់ៗនៃមូលដ្ឋាន និងសហគ្រាសស្បៀងអាហារធំៗ ដើម្បីពិភាក្សាអំពីវិធានការសម្រាប់អនុញ្ញាត ឱ្យមានការនាំចេញអង្ករបន្ថែមទៀត ដោយឈរ លើមូលដ្ឋានធានាសន្តិសុខស្បៀងក្នុងស្រុក។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានរំលឹកឡើងវិញពីស្ថានភាពជំងឺរាតត្បាត COVID-19 លើទូទាំងពភពលោក រួមទាំងគ្រោះរាំងស្ងួតនៅក្នុងប្រទេសជាច្រើន ហើយអង្គការសហប្រជាជាតិក៏បានពិភាក្សាអំពីបញ្ហាសន្តិសុខស្បៀងលើពិភពលោកផងដែរ ហេតុដូច្នេះប្រទេសជាច្រើន ឈប់នាំចេញអង្ករដើម្បីការពារការខ្វះខាតស្បៀងអាហារដែលអាចកើតឡើងជាសកល។ អាស្រ័យហេតុនេះ ទោះបីគោលដៅនាំចេញអង្ករនៅឆ្នាំនេះមានចំនួនប្រហែល ៦ លានតោនក៏ដោយ ក៏រដ្ឋាភិបាលត្រូវធ្វើប្រតិបត្តិការដោយឈរលើមូលដ្ឋានធានាសន្តិសុខស្បៀង។
នាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រសួង ហិរញ្ញវត្ថុនិងទីភ្នាក់ងារពាក់ព័ន្ធ ត្រូវលើកកម្ពស់ការទទួលខុសត្រូវរបស់ខ្លួន ដោយមានការសម្របសម្រួលឱ្យបានល្អប្រសើរក្នុងការធានាសន្តិសុខស្បៀងនិងការនាំចេញអាហារកាន់តែមានភាពអនុគ្រោះនិងមានប្រសិទ្ធភាពជាងមុន៕