លោកនាយករដ្ឋមន្រ្តីវៀតណាម ចេញសារាចរបន្ទាន់ ដោយស្នើឲ្យខេត្ត ក្រុងនានាពង្រឹងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ដែលទើបឆ្លងរាលដាលនៅតាមខេត្ត ក្រុងមួយចំនួននោះ លោកនាយករដ្ឋមន្រ្តីវៀតណាមកាលពីថ្ងៃទី ២៨ ខែមករា បានចេញផ្សាយសារាចរស្ដីពីវិធានការបន្ទាន់មួយចំនួនដើម្បី បង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
រូបថត៖ baochinhphu.vn |
សារាចរនេះបានតម្រូវឲ្យ ខេត្ត Hai Duong៖ បិទទីក្រុង Chi Linh ទាំងមូល ដែលចំណុះ ខេត្ត Hai Duong នឹងអនុវត្តវិធានការយ៉ាងតឹងរឹងរួមមាន៖ អនុវត្តន៍ការរក្សាគំលាតសង្គមចំពោះទីក្រុងទាំងមូល ក្នុងរយៈពេល ២១ ថ្ងៃ ចាប់ពីម៉ោង ១២ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១; ផ្អាកជាបណ្ដោះអាសន្នរាល់សកម្មភាពនៅសាលារៀន សកម្មភាពសាធារណៈ គ្រឹះស្ថានកំសាន្ដ កន្លែងប្រមូលផ្ដុំមនុស្សច្រើនកុះករ សកម្មភាពធ្វើអាជីវកម្ម សេវាកម្មមិនចាំបាច់; បញ្ឈប់ជាបណ្ដុះអាសន្នសកម្មភាពដឹកជញ្ជូនអ្នកដំណើរសាធារណៈពីទីក្រុង Chi Linh ទៅខាងក្រៅ លើកលែងតែករណីចាំបាច់។
ខេត្ត Quang Ninh៖ បញ្ឈប់ជាបណ្ដោះអាសន្ន ប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិ Van Don ចាប់ពីម៉ោង ១២ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១។
ប្រធានគណៈកម្មាធិការប្រជាជននៃបណ្តាខេត្តនិងទីក្រុងចំណុះមជ្ឈឹមត្រូវផ្តោតលើការបញ្ជាណែនាំ៖ ពិនិត្យនិងរឹតបន្តឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតាមមូលដ្ឋាន; សម្រេចចិត្តអនុវត្តវិធានការ រក្សាគម្លាតសង្គមដោយផ្អែកលើកម្រិតនៃហានិភ័យសម្រាប់តំបន់នីមួយៗក្នុងមូលដ្ឋាន; តម្រូវឱ្យប្រជាពលរដ្ឋអនុវត្តន៍ដំណោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះការពាក់ម៉ាស់ កាត់បន្ថយការប្រមូលផ្ដុំមនុស្សច្រើន និងរក្សាគម្លាតគ្នានៅតាមទីសាធារណៈ។
យោងតាមព័ត៌មានរបស់គណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២៨ ខែមករា ដល់ម៉ោង ៦ ថ្ងៃទី ២៩ ខែមករា វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩ នាក់៕