លោកនាយករដ្ឋមន្រ្តីអញ្ជើញទស្សនាគម្រោងដឹកជញ្ជូនធំៗមួយចំនួននៅខេត្ត Nghe An
(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែកក្កដា ក្នុងកម្មវិធីការងារនៅ Nghe An នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូបានអញ្ជើញចុះត្រួតពិនិត្យអាកាសយានដ្ឋាន Vinh; តំបន់សាងសង់កំពង់ផែទឹកជ្រៅ Cua Lo និងគម្រោងមួយចំនួនទៀត។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូអញ្ជើញចុះពិនិត្យនៅអាកាសយានដ្ឋាន Vinh (រូបថត៖ VGP/Nhat Bac) |
អញ្ជើញចុះត្រួតពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិ Vinh លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដោះស្រាយក្នុងទិសដៅធ្វើអាជីវកម្មអាកាសយានដ្ឋានប្រើប្រាស់ទាំងស៊ីវិល និងយោធា ព្រមទាំងបានឯកភាពចាត់តាំងគណៈកម្មាធិការប្រជាជនខេត្ត មានសមត្ថកិច្ច សម្រាប់រាល់គម្រោងជួសជុល និងកែលម្អអាកាសយានដ្ឋាន ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
អញ្ជើញចុះត្រួតពិនិត្យនៅគម្រោងកំពង់ផែទឹកជ្រៅ Cua Lo លោកនាយករដ្ឋមន្ត្រីបានស្តាប់របាយការណ៍អំពីគម្រោងនេះ តាមនោះ គម្រោងកំពង់ផែទឹកជ្រៅ Cua Lo គ្រោងនឹងស្ថិតនៅឃុំ Nghi Tien ស្រុក Nghi Loc ដែលត្រូវខេត្ត Nghe An កំណត់ថា ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនចរាចរណ៍សំខាន់ ងាយស្រួលដំណើរការពាណិជ្ជកម្មអន្តរជាតិ ជាពិសេស គឺការដឹកជញ្ជូនទំនិញសម្រាប់ប្រទេសឡាវ និងភាគឦសាននៃប្រទេសថៃ រួមចំណែកដល់ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍសេវាកម្មភស្តុភារ។ ការសាងសង់ និងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៃកំពង់ផែសមុទ្រ Cua Lo ក៏ជាចំណុចសំខាន់ក្នុងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច Dong Nam ក្លាយទៅជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខេត្ត Nghe An ដំណាក់កាល ២០២១ - ២០២៥ ទិសដៅដល់ឆ្នាំ ២០៣០។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត Nghe An ចាំបាច់ត្រូវមានតុល្យភាព រៀបចំ និងទាក់ទាញទុនវិនិយោគ ផ្តោតការយកចិត្តទុកដាក់លើគម្រោងកែលម្អអាកាសយានដ្ឋាន Vinh និងកំពង់ផែទឹកជ្រៅ Cua Lo បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍរួម ភារកិច្ច និងដំណោះស្រាយផ្សេងៗ ដើម្បីបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់មូលដ្ឋាន និងតំបន់៕