លោកប្រធានាធិបតី Biden បញ្ជាក់ថា សង្គ្រាមរបស់អាមេរិកនៅអាហ្គានីស្ថានបានបញ្ចប់ជាផ្លូវការចាប់ពីយប់ថ្ងៃទី៣០ សីហា
(VOVWORLD) - លោក Biden ក៏បានប្រកាសផងដែរថា សេតវិមាននឹងបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីជម្លៀសពលរដ្ឋអាមេរិកដែលនៅតែស្នាក់នៅអាហ្គានីស្ថានចាកចេញពីប្រទេសនេះប្រសិនបើពួកគេមានបំណង ហើយបានបញ្ជាក់ថា នឹងគ្មានកាលកំណត់សម្រាប់ការជម្លៀសឡើយ។
ប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ AP) |
នៅរសៀលថ្ងៃទី ៣១ ខែសីហា នៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងសុន្ទរកថាមួយដល់ប្រជាជនអាមេរិកដោយប្រកាសបញ្ចប់សង្គ្រាមអស់រយៈពេល ២០ ឆ្នាំរបស់វ៉ាស៊ីនតោននៅអាហ្គានីស្ថាន។
“យប់ថ្ងៃទី ៣០ ខែសីហា នៅទីក្រុងកាប៊ុល សហរដ្ឋអាមេរិកបានបញ្ចប់សង្គ្រាមរយៈពេល ២០ ឆ្នាំនៅអាហ្គានីស្ថាន។ យើងបានបញ្ចប់យុទ្ធនាការមួយក្នុងចំណោមយុទ្ធនាការដឹកជញ្ជូនតាមផ្លូវអាកាសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រដោយមានមនុស្សជាង ១២ ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ ចំនួននេះគឺច្រើនជាងទ្វេដងបើធៀបនឹងការព្យាករណ៍របស់អ្នកជំនាញភាគច្រើន។”
លោក Biden ក៏បានប្រកាសផងដែរថា សេតវិមាននឹងបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីជម្លៀសពលរដ្ឋអាមេរិកដែលនៅតែស្នាក់នៅអាហ្គានីស្ថានចាកចេញពីប្រទេសនេះប្រសិនបើពួកគេមានបំណង ហើយបានបញ្ជាក់ថា នឹងគ្មានកាលកំណត់សម្រាប់ការជម្លៀសឡើយ។ តាមលោកប្រធានា ធិបតី Biden ថា ទោះជាកងទ័ពអាមេរិកបានចាកចេញពីអាហ្គានីស្ថានហើយក៏ដោយ ប៉ុន្តែរដ្ឋបាលរបស់លោកនឹងខិតខំដើម្បីធានាថា កម្លាំងតាលីបង់គោរពតាមការសន្យារបស់ពួកគេ រួមទាំងការបើកផ្លូវចាកចេញប្រកបដោយសុវត្ថិភាពសម្រាប់អ្នកដែលមានបំណងចាកចេញពីប្រទេសអាស៊ីនិរតីមួយនេះផងដែរ។
លោកប្រធានាធិបតី Biden ក៏បានព្រមានថា អាមេរិកនៅតែមិនទាន់សម្រេចរួចរាល់ការឆ្លើយតបទៅនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាសនៅអាហ្កានីស្ថាន (ISIS-K) នៅឡើយ ដែលជាក្រុមបានអនុវត្តន៍ការវាយប្រហារដោយគ្រាប់បែកអត្តឃាត សម្លាប់ទាហានអាមេរិកចំនួន ១៣ នាក់និងជនស៊ីវិលអាហ្គានីស្ថានប្រមាណ ១៧០ នាក់កាលពីថ្ងៃទី ២៦ ខែសីហា៕