លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ប្រជាជន វៀតណាមតែងតែស្មាកៀកស្មាជាមួយប្រជាជនគុយបាជានិច្ច
(VOVWORLD) - ប្រជាជនវៀតណាមតែងតែផ្តល់ជូនប្រជាជនគុយ បានូវភាពកក់ក្តៅនិងការចែករំលែក ជាពិសេសនៅពេលគុយបាជួបការលំបាកផងដែរ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ Vu Dung/VOV) |
នៅវេលាម៉ោងប្រហែល ១០ ព្រឹក ម៉ោងនៅក្នុងតំបន់ ថ្ងៃទី ១៨ ខែកញ្ញា ពោលគឺនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ម៉ោងនៅវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាមបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Jose Marti Habana រដ្ឋធានី La Habana ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណរដ្ឋគុយបា តបតាមការអញ្ជើញរបស់អគ្គលេខាធិការទី ១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel។
បន្ទាប់ពីមកដល់ប្រទេសគុយបាភ្លាមនោះ នារសៀលថ្ងៃទី ១៨ ខែកញ្ញា ម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទទួលជួបជាមួយអនុប្រធានទី ១ នៃវិទ្យាស្ថានគុយបា ដើម្បីមិត្តភាពជាមួយប្រជាជាតិទាំងឡាយ (ICAP) លោកស្រី Noemi Rabaza Fernandez, ប្រធានសមាគមមិត្តភាពគុយបា - វៀតណាមលោកស្រី Maria Yolanda Ferrer Gomez និងអញ្ជើញចូលជួបសន្ទនាជាមួយលោកប្រធានរដ្ឋផងដែរ។ នៅក្នុងសកម្មភាពដំបូងនៃដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា សារនៃដំណើរទស្សនកិច្ចនេះគឺថា បក្សនិងប្រជាជនវៀតណាមតែងតែស្មារកៀកស្មាជាមួយបក្សកុម្មុយនិស្តនិងប្រជាជនគុយបាជានិច្ច។
ថ្លែងនៅក្នុងពិធី អនុប្រធានវិទ្យាស្ថានគុយបាដើម្បីមិត្តភាពជាមួយប្រជាជាតិទាំងឡាយ លោកស្រី Fernandez បានឲ្យដឹងថា វិទ្យាស្ថានគុយបាដើម្បីមិត្តភាពជាមួយប្រជាជាតិទាំងឡាយនិងសមាគមមិត្តភាពគុយបា-វៀតណាម ទើបតែបានប្រារព្ធខួបលើកទី ៦០ នៃការបង្កើត។ លោកស្រីបានអះអាងថា ថ្ងៃនេះ ថ្ងៃស្អែកនិងថ្ងៃអនាគតជារៀងរហូតប្រជាជនគុយបានឹងគាំទ្រប្រជាជនវៀតណាមជានិច្ចទោះបីក្នុងកាលៈទេសៈណាក៏ដោយ។
ដោយសម្តែងនូវកិត្តិយសដែលបានជួបជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានសមាគមមិត្តភាពគុយបា-វៀតណាមលោកស្រី Maria Yolanda Ferrer Gomez បានបញ្ជាក់ ថា សមាជិកទាំងអស់នៃសមាគមមិត្តភាពគុយបា-វៀតណាម មានមោទនភាពចំពោះការទទួលខុសត្រូវរបស់ខ្លួនដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពូនជ្រុំចំណងមិត្តភាពជាប្រពៃណីពិសេសរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបទាំងនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា សកម្មភាពសាមគ្គីភាពរបស់គុយបាចំពោះវៀតណាមគឺជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្រជាជន វៀតណាមទាំងអតីតកាលក៏ដូចជាបច្ចុប្បន្ននេះ។ ផ្ទុយទៅវិញ ប្រជាជនវៀតណាមតែងតែផ្តល់ជូនប្រជាជនគុយបានូវភាពកក់ក្តៅនិងការចែករំលែក ជាពិសេសនៅពេលគុយបាជួបការលំបាកផងដែរ។ លោកប្រធានរដ្ឋជឿជាក់ថា វិទ្យាស្ថានមិត្តភាពគុយបាជាមួយប្រជាជាតិទាំងឡាយ សមាគមមិត្តភាពគុយបា-វៀតណាម បណ្តាសាលារៀននិងយុវជនជំនាន់ក្រោយរបស់គុយបានឹងសហការយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពផ្សេងៗ រួមទាំងការអប់រំឲ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីប្រពៃណីនៃទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងវៀត ណាមនិងគុយបា រួមចំណែកពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងប្រទេសទាំងពីរទាំងក្នុងនាមជាសមមិត្តផងនិងជាបងប្អូនផង។
នារសៀលថ្ងៃទី ១៨ ខែកញ្ញានេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកស្ថានទូត និងតំណាងសហគមន៍ ជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅគុយបា។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា បក្សនិងរដ្ឋជានិច្ចកាល តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនជាជនវៀតណាមនៅឯបរទេស ក្នុងនោះមានបងប្អូនជនវៀតណាមនៅគុយបាផង។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យសមូហភាពកម្មភិបាល បុគ្គលិកស្ថានទូតលើកខ្ពស់ទង់ជាតិសាមគ្គីភាព រួមចំណែកបន្ថែមទៀតក្នុងការអភិរក្ស ពូនជ្រុំនិងនាំទំនាក់ទំនងមិត្តភាពពិសេសនិងមហិមារវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងគុយបា ឆ្ពោះទៅរកការអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត ដែលស័ក្តិសមនឹងក្តីសង្ឃឹមរបស់បក្សរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ៕