លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ញើរលិខិតអបអរសាទរជូនបណ្ឌិតសភានយោបាយ (ក្រសួងការពារប្រទេស) ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាប្រពៃណី

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាប្រពៃណីនៃបណ្ឌិតសភានយោបាយ (២៥ តុលា ១៩៥១ - ២៥ តុលា ២០២១) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតអបអរសាទរ។

ក្នុងលិខិត លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្រោយរយៈពេល៧០ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកធំធាត់ ក្រោមការដឹកនាំរបស់បក្ស រដ្ឋ ដោយផ្ទាល់គឺគណៈកម្មាធិការបក្សយោធាមជ្ឈឹម និងក្រសួងការពារប្រទេសនោះ ឧត្តមសេនីយ៍ កម្មាភិបាល នាយទាហាន គ្រូបង្រៀន សិក្ខាកាម បុគ្គលិក និងយុទ្ធជនគ្រប់ជំនាន់នៃបណ្ឌិតសភានយោបាយ ជានិច្ចកាលខ្ជាប់ខ្ជួន សាមគ្គី ម្ចាស់ការ ច្នៃប្រឌិត ជំនះលើការលំបាកហើយសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដែលបានប្រគល់ជូន តាមនោះពូនជ្រុំប្រពៃណី “ខ្ជាប់ខ្ជួននិងអភិវឌ្ឍ សាមគ្គីភាពនិងវិន័យ ម្ចាស់ការ ច្នៃប្រឌិត ជំនះលើការលំបាក សម្រេចភារកិច្ច”។

នាពេលខាងមុខ លោកប្រធានរដ្ឋជឿជាក់ថា ឧត្តមសេនីយ៍ កម្មាភិបាល នាយទាហាន គ្រូបង្រៀន សិក្ខាកាម បុគ្គលិកនិងយុទ្ធជនគ្រប់រូបនៃបណ្ឌិតសភានយោបាយ នឹងបន្តផ្លាស់ប្ដូរថ្មីលើកកំពស់ដោយឥតឈប់ឈរនូវគុណភាពនៃការបណ្ដុះបណ្ដាលនិងស្រាវជ្រាវវិទ្យាសាស្ត្រ; កសាងបណ្ឌិតសភាឲ្យកាន់តែរីកចម្រើន រួមចំណែកយ៉ាងសកម្មទៅក្នុងការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ រក្សាឲ្យបានខ្ជាប់ខ្ជួននូវលក្ខណៈបដិវត្តន៍ ដែលជាមូលដ្ឋានសម្រាប់លើកកំពស់គុណភាពចម្រុះ និងកម្លាំងប្រយុទ្ធរបស់កងទ័ពប្រជាជនវៀតណាមដ៏អង់អាចក្លាហាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ