លោកប្រធានរដ្ឋ To Lam ទទួលឯកអគ្គរដ្ឋទូតកូឡុំប៊ីនិងឯកអគ្គរដ្ឋទូតប៉ាណាម៉ាមកជម្រាបលា
(VOVWORLD) - នារសៀលថ្ងៃទី ២៨ មិថុនា នៅវិមានប្រធានរដ្ឋ លោក To Lam ប្រធានរដ្ឋវៀតណាមបានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកូឡុំប៊ី លោក Miguel Angel Rodriguez Melo និងឯកអគ្គរដ្ឋទូតប៉ាណាម៉ា លោក Eligio Alberto Salas មកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
លោកប្រធានរដ្ឋ To Lam ទទួលជួបឯកអគ្គរដ្ឋទូតកូឡុំប៊ីលោក Miguel Angel Rodriguez Melo។ (រូបថត៖ VOV) |
ទទួលជួបឯកអគ្គរដ្ឋទូតកូឡុំប៊ីលោក Miguel Angel Rodriguez Melo លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់កូឡុំប៊ីនៅក្នុងតំបន់អាមេរិកឡាទីន ហើយថា វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះដំណើរការសន្តិភាពនៅកូឡុំប៊ី។ ដោយវាយតម្លៃថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ហិរញ្ញវត្ថុ ធនាគារ គមនាគមន៍-ដឹកជញ្ជូន និងសំណង់... លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបន្តបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនិងធ្វើអាជីវកម្ម ដើម្បីពង្រឹងការតភ្ជាប់រវាង សហគមន៍ធុរកិច្ចដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
ជំនួបរវាងលោកប្រធានរដ្ឋ To Lam និងឯកអគ្គរដ្ឋទូតប៉ាណាម៉ាលោក Eligio Alberto Salas។ (រូបថត៖ VOV) |
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប៉ាណាម៉ាលោក Eligio Alberto Salas លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់អភិវឌ្ឍន៍ និងលើកកំពស់ប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងក្នុងវិស័យនយោបាយ ការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម នាវាចរណ៍ ធនាគារហិរញ្ញវត្ថុ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីររក្សានូវយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ សម្របសម្រួលរៀបចំសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី២ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសរវាងប្រទេសទាំងពីរ និងសម័យប្រជុំលើកទី២ នៃគណៈកម្មាធិការចម្រុះវៀតណាម-ប៉ាណាម៉ាអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនៅវៀតណាម; ក៏ដូចជាការជំរុញយន្តការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការថ្មីផងដែរ។ ក្រៅពីវិស័យសហប្រតិបត្តិការប្រពៃណី លោកប្រធានរដ្ឋក៏បានស្នើឱ្យភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន៕