លោកប្រធានរដ្ឋ Vo Van Thuong៖ ទំនាក់ទំនងវៀតណាម-អាមេរិក គឺជាគំរូក្នុងប្រវត្តិសាស្ត្រអន្តរជាតិអំពីការផ្សះផ្សារនិងកសាងទំនាក់ទំនងក្រោយសង្គ្រាម
(VOVWORLD) - ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំសប្តាហ៍កំពូលវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៣ និងរួមបញ្ចូលគ្នានូវសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ពោលគឺព្រឹកព្រលឹមថ្ងៃទី ១៦ ខែវិច្ឆិកា ម៉ោងនៅវៀតណាម នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញជួបសន្ទនាជាមួយក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេសសហរដ្ឋអាមេរិក (CFR)។
នេះគឺជាអង្គការស្រាវជ្រាវឯករាជ្យ និងប្រឹក្សាយោបល់លើគោលនយោបាយការបរទេស និងទំនាក់ទំនងអន្តរជាតិរបស់សហរដ្ឋអាមេរិក ដោយមានការចូលរួមពីអតីតអ្នកនយោបាយ និងអ្នកស្រាវជ្រាវជាច្រើននាក់ ដែលចូលរួមក្នុងការវិភាគស៊ីជម្រៅលើបញ្ហាអន្តរជាតិ និងកិច្ចពិគ្រោះយោបល់គោលនយោបាយការបរទេស។
ប្រធានរដ្ឋលោក Vo Van Thuong បានថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសហរដ្ឋអាមេរិកស្តីពីទំនាក់ទំនងបរទេស។ រូបថត៖ Thong Nhat/TTXVN |
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានចែករំលែកអំពីសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមដែលឆ្លងកាត់ការផ្លាស់ប្តូរថ្មីអស់រយៈពេល ៤០ឆ្នាំ; សង្កត់ធ្ងន់ថា វៀតណាមបានកំណត់ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស៖ ឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ពហុបែប ពហុភាគីនៃទំនាក់ទំនងកិច្ចការបរទេស; ម្ចាស់ការ ចូលរួមសមាហរណកម្មយ៉ាងសកម្ម ទូលំទូលាយ និងស៊ីជម្រៅ; ជាមិត្តភ័ក្តិ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម មានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖
“ក្នុងបរិបទនៃស្ថានភាពអន្តរជាតិបច្ចុប្បន្ន វៀតណាមសូមចែករំលែកទស្សនៈរួមចំពោះការដែល ប្រទេសនានាបានអនុវត្តន៍គោលនយោបាយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយផ្តោតការយកចិត្តទុកដាក់លើសមភាព និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក និងគោរពច្បាប់អន្តរជាតិ។ វៀតណាមគាំទ្រការពង្រឹងនិងពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងពង្រឹងការសម្របសម្រួលអន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង ទប់ស្កាត់ និងបញ្ចប់ជម្លោះ។ វៀតណាមបានត្រៀមខ្លួនជាស្រេច រួមចំណែកក្នុងការខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការផ្តល់ជំនួយសង្គ្រោះមនុស្សធម៌អន្តរជាតិ”។
ស្តីពីទំនាក់ទំនងវៀតណាម - អាមេរិក លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា នៅពេលដែលប្រទេសទាំងពីរប្រក្រតីភាពទំនាក់ទំនងឡើងវិញនៅឆ្នាំ ១៩៩៥ ជាពិសេសក្រោយការបង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៣ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ស៊ីជម្រៅ ខ្លឹមសារ មានប្រសិទ្ធភាព...។ កាលពីខែកញ្ញាកន្លងទៅ អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោក Joe Biden បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - សហរដ្ឋអាមេរិក។ ប្រធានរដ្ឋ លោក Vo Van Thuong បានមានប្រសាសន៍ថា៖
“អាចអះអាងបានថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិកមានការអភិវឌ្ឍយ៉ាងល្អប្រសើរជាងពេលណាៗទាំងអស់; ពោលគឺ ពីអតីតសត្រូវទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះពិតជាគំរូមួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិអំពីការផ្សះផ្សារ និងកសាងទំនាក់ទំនងក្រោយសង្គ្រាម។ លទ្ធផលនេះគឺបានមកពីការខិតខំប្រឹងប្រែងរួមគ្នាដើម្បីជម្នះលើបញ្ហាប្រឈម ការឡើងចុះនៃប្រវត្តិសាស្ត្ររបស់មេដឹកនាំច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ។ មេដឹកនាំសហរដ្ឋអាមេរិកបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះប្រទេសវៀតណាមមួយ "ខ្លាំងមាំមួន ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងវិបុលភាព"។ យើងសង្ឃឹមថា សហគមន៍អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញអាមេរិក រួមទាំងក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេសអាមេរិករបស់អាមេរិកនឹងចូលរួម និងគាំទ្រដំណើរការនេះ”។
លោកប្រធានរដ្ឋបានអះអាងថា ប្រជាជនវៀតណាមប្រមាណ ២,៤លាននាក់ និងនិស្សិតវៀតណាមជាង ៣ម៉ឺននាក់ដែលកំពុងរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃទំនាក់ទំនង ហើយក៏ជាស្ពានដ៏សំខាន់មួយរវាងប្រទេសទាំងពីរផងដែរ។ វៀតណាមកំណត់ជនជាតិវៀតណាមនៅក្រៅប្រទេសជាផ្នែកមួយមិនអាចកាត់ផ្តាច់បានរបស់ប្រទេសជាតិ ហើយតែងតែផ្តល់តម្លៃដល់ឯកភាពជាតិ និងសុខដុមរមនា។ វៀតណាមសង្ឃឹមថា រដ្ឋាភិបាលអាមេរិកនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសហរដ្ឋអាមេរិក។
នាព្រឹកនេះផងដែរ លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅទស្សនាមន្ទីរពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Stanford ផងដែរ៕