លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញមកដល់ទីក្រុងតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន
(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Haneda (ទីក្រុងតូក្យូ ប្រទេសជប៉ុន)។
ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា បានមកដល់ទីក្រុងតូក្យូ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីជប៉ុន Kishida និងលោកជំទាវភរិយានឹងធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍យ៉ាងឱឡារិកជូនចំពោះប្រធានរដ្ឋលោក Vo Van Thuong និងលោកជំទាវភរិយា។ ថ្នាក់ដឹកនាំទាំងពីរនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សា វាយតម្លៃសមិទ្ធិផលនានាក្នុង ៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (២១ កញ្ញា ១៩៧៣ - ២១ កញ្ញា ២០២៣) និងដាក់ចេញទិសដៅនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំជាងនាពេលខាងមុខ។
ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់រដ្ឋជប៉ុន ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា ក៏នឹងជួបជាមួយព្រះមហាក្សត្រ និងព្រះមហាក្សត្រីនៃប្រទេសជប៉ុន; បានជួបជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបជប៉ុន និងបានថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅរដ្ឋសភាជប៉ុន; ចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាម និងជប៉ុន; ទទួលថ្នាក់ដឹកនាំគណបក្សនយោបាយ និងអ្នកនយោបាយជប៉ុនមួយចំនួន។
ក្រៅពីនោះ នៅទីក្រុងតូក្យូ លោកប្រធានរដ្ឋក៏នឹងជួបសំណេះសំណាលជាមួយកម្មាភិបាល និងនិយោជិតនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេស ជប៉ុន; ជួបជាមួយតំណាងជនវៀតណាមនៅជប៉ុន ដែលបានរួមចំណែកជាច្រើនដល់ប្រទេសជាតិ; ទទួលក្រុមប្រឹក្សាភិបាលសម្ព័ន្ធមិត្តភាពសភាជប៉ុន-វៀតណាម; ចូលរួមកម្មវិធីផ្លាស់ប្តូរក្បាច់គុន វ៉ូវីណាមវៀតណាម និងក្បាច់គុនជប៉ុន។
បន្ទាប់ពីទីក្រុងតូក្យូ លោកប្រធានរដ្ឋ Vo Van Thuong នឹងមានសកម្មភាពមួយចំនួនទៀតនៅ Fukuoka៕