លោកប្រធានរដ្ឋ តូ ឡឹម ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែសីហា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ បានបើកសន្និបាត ដើម្បីតែងតាំងនិងបោះឆ្នោតជ្រើសតាំងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣។ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជីញ បានតាងនាមការិយាល័យនយោបាយ ដឹកនាំសន្និបាត។
លោកប្រធានរដ្ឋ តូ ឡឹម ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម - ảnh 1ថ្នាក់ដឹកនាំអបអរសាទរចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។
(រូបថត៖ VGP/Nhat Bac)

ចាប់ផ្ដើមសន្និបាត គណៈកម្មាធិការមជ្ឈិមបក្សបានចំណាយពេល១នាទីធ្វើការស្មឹងស្មាធ ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្សរ ង្វៀន ភូ ជុង។ នៅក្នុងសន្និបាត ដោយផ្អែកលើបទប្បញ្ញត្តិរបស់បក្ស និងឈរលើមូលដ្ឋាននៃការតែងតាំងបុគ្គលិករបស់ការិយាល័យនយោបាយ គណៈ
កម្មាធិការមជ្ឈិមបានឯកភាពខ្ពស់ ដោយសំឡេងគាំទ្រដាច់ខាត ១០០% លើការបោះឆ្នោតជ្រើសតាំងលោក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋ ឲ្យកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣។ អញ្ជើញថ្លែងសុន្ទរកថាចូលកាន់តំណែង លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា៖

“ខ្ញុំសូមសន្យានៅចំពោះមុខគណៈកម្មាធិការមជ្ឈិម ចំពោះមុខបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលថា នឹងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ រួមជាមួយគណៈកម្មាធិការមជ្ឈិមទទួលមរតក និងពង្រីកយ៉ាងខ្លាំងនូវប្រពៃណីដ៏រុងរឿង បទពិសោធន៍ដ៏ថ្លៃថ្លារបស់បក្ស និងសមិទ្ធផលដែលបណ្ដាមហាសន្និបាតបក្ស រួមទាំងមហាសន្និបាតលើកទី១៣ សម្រេចបាន; ពង្រីកជាអតិបរមានូវស្មារតីនៃ "ភាពម្ចាស់ការ ភាពជឿជាក់លើខ្លួនឯង ភាពខ្លួនទីពឹងខ្លួន និងមោទនភាពជាតិ"; ពង្រឹងដោយឥតឈប់ឈរនូវសាមគ្គីភាពឯកភាពផ្ទៃក្នុងបក្ស និងមហាសាមគ្គីជនជាតិទាំងមូល; បន្តជំរុញខ្លាំងការកសាង និងពង្រឹងបក្ស បង្ការទប់ស្កាត់អំពើពុករលួយ និងភាពអវិជ្ជមាន; ផ្សាភ្ជាប់មនោគមវិជ្ជា និងសកម្មភាព ឆន្ទៈរបស់បក្ស និងប្រាថ្នារបស់ប្រជាជន; ខិតខំលះបង់ដោយអស់ពីចិត្ត អស់ពីសមត្ថភាព ដើម្បីបក្សកុម្មុយនិស្តវៀតណាមដ៏រឹងមាំ; ដើម្បីប្រទេសវៀតណាមដ៏ខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌; ប្រជាជនវៀតណាមមានជីវភាពរស់នៅសម្បូរធូរធារនិងសុភមង្គល”។

លោកប្រធានរដ្ឋ តូ ឡឹម ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម - ảnh 2លោកប្រធានរដ្ឋ តូ ឡឹម អញ្ជើញថ្លែងបន្ទាប់ពីជាប់ឆ្នោតជាអគ្គលេខាបក្ស។
(រូបថត៖ Ngoc Thanh/VOV)

លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា លោកនឹងផ្តោតការដឹកនាំដើម្បីរៀបចំឲ្យបានល្អនូវការងារបូកសរុបរយៈពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ និងការងារនានាដើម្បីរៀបចំមហាសន្និបាតបក្សលើកទី ១៤ ប្រកបដោយជោគជ័យ ដោយទទួលមរតកពីសមិទ្ធិផលទ្រឹស្តីសំខាន់ៗអំពីលទ្ធិប្រជាធិបតេយ្យ និងមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀតណាម ដែលត្រូវបានថ្នាក់ដឹកនាំបក្សជំនាន់មុនៗ រួមទាំងលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង សង្ខេបនិងដាក់ចេញនូវគោលមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីនាំប្រទេសជាតិបន្តអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ