លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយក្រែន និងកាណាដា
(VOVWORLD) - នារសៀលថ្ងៃទី ២៦ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយក្រែនលោក Gaman Oleksandr និងឯកអគ្គរដ្ឋទូតកាណាដាលោក Shawn Perry Steil មកជូនសារតាំង។
លោកប្រធានរដ្ឋ Nguyen Xuan Phucបានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយក្រែនលោក Gaman Oleksandr (រូបថត៖ VNA) |
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរឯកអគ្គរដ្ឋទូតដែលបានទទួលបេសកកម្មការទូតនៅវៀតណាម ហើយលោកបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអ៊ុយក្រែន។ លោកប្រធានរដ្ឋបានឲ្យដឹងថា វៀតណាមបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ចំនួន ៥ សែន ដុល្លារអាមេរិកដល់ប្រជាជនអ៊ុយក្រែនតាមរយៈកាកបាទក្រហម និងអង្គការសហប្រជាជាតិ ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការក្នុងការស្ថាបនាអ៊ុយក្រែនឡើងវិញ នាពេលអនាគត។
លោកប្រធានរដ្ឋបានមានប្រសាសន៍ថា គោលជំហរឥតងាករេរបស់វៀតណាមគឺរាល់ជម្លោះទាំងអស់ចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមានៈ គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានា មិនប្រើប្រាស់កម្លាំង ឬ គំរាមកំហែងប្រើប្រាស់កម្លាំង។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអ៊ុយក្រែនបានថ្លែងអំណរគុណចំពោះវៀតណាមដែលបាន ផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនអ៊ុយក្រែន។ នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូតនឹងចំណាយពេលវេលាបន្ថែមទៀត ដើម្បីទៅទស្សនាតំបន់នានានៅវៀតណាម ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកាណាដាលោក Shawn Perry Steil (រូបថត៖ VNA) |
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោក Shawn Perry Steil លោកប្រធានរដ្ឋបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ជំរុញជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន; សម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចវៀតណាម រៀបចំបានល្អនូវពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០២៣ ខាងមុខ។
ទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមស្វាគមន៍កាណាដាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតាមនោះរួមចំណែកយ៉ាងសកម្មថែមទៀតចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ វៀតណាមមានគោលបំណងថា តាមរយៈយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក កាណាដានឹង បន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការគាំទ្រមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-កាណាដាផងដែរ៕