លោកប្រធានរដ្ឋអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូឥស្សរជន បញ្ញវន្ត ប្រជាជនឆ្នើមនៃទីក្រុងហូជីមិញ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ សីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូឥស្សរជន អ្នកមុខអ្នកការសាសនា តំណាងជនជាតិភាគតិច បញ្ញវន្ត និងបុគ្គលឆ្នើមនៃទីក្រុងហូជីមិញ ក្នុងឱកាសដែលគណៈប្រតិភូទៅទីក្រុងហាណូយ ដើម្បីចូលរួមកម្មវិធី “ដំណើរការតភ្ជាប់”។
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូឥស្សរជន អ្នកមុខអ្នកការសាសនា តំណាងជនជាតិភាគតិច បញ្ញវន្ត និងបុគ្គលឆ្នើមនៃទីក្រុងហូជីមិញ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានបញ្ជាក់ថា វៀតណាមជានិច្ចកាលតែងតែបង្កើតគ្រប់លក្ខខណ្ឌសម្រាប់សាសនាប្រតិបត្តិដោយស្មើភាពគ្នា គោរពតម្រូវការសេរីភាពខាងសាសនា; លើកកំពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន រួមទាំងជនជាតិភាគតិចផងដែរ។ លោកប្រធានរដ្ឋបានកត់សម្គាល់ថា ក្នុងការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ និងប្រទេសជាតិនាពេលកន្លងមក តែងតែមានការរួមចំណែកយ៉ាងសំខាន់របស់ឥស្សរជន អ្នកមុខអ្នកការសាសនា ជនជាតិ ភាគតិច ប្រជាជន បញ្ញវន្ត សមូហភាព និងបុគ្គលរបស់ទីក្រុង។
លោកប្រធាន Vo Van Thuong ស្នើថា៖ “ទីក្រុងត្រូវបន្តលើកកម្ពស់តួនាទីរបស់ក្រុមឥស្សរជន អ្នកមុខអ្នកការ បញ្ញវន្ត ដែលតែងតែដើរត្រួសត្រាយក្នុងចលនាទាំងអស់ ជាគំរូដ៏ភ្លឺស្វាងនៃស្មារតី សីលធម៌ អាកប្បកិរិយា និងជាស្ពានតភ្ជាប់ឆន្ទៈរបស់បក្ស និងការស្រុះចិត្តគំនិតប្រជាជន។ ខ្ញុំមានបំណងចង់ឲ្យតំណាងទាំងអស់ ដោយកិត្យានុភាព និងឥទ្ធិពលរបស់ខ្លួន រួមដៃគ្នា និងរួមចំណែកក្នុងការថែរក្សា ការពង្រឹងនិងពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូល; ឃោសនានិងផ្សព្វផ្សាយឲ្យប្រជាជនចូលរួមឆ្លើយតបនឹងគោលការណ៍ណែនាំ គោលនយោបាយរបស់បក្ស រដ្ឋ និងមូលដ្ឋាន ដោយអនុវត្តន៍យ៉ាងសកម្មនូវចលនាប្រឡងប្រណាំងស្នេហាជាតិ”៕