លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា
(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះលោក Orlando Nicolas Hernandez Guillen ដោយត្រូវបានបក្ស រដ្ឋគុយបាជឿទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតគុយបាប្រចាំ វៀតណាម ព្រមទាំងបញ្ជាក់ថា វៀតណាមនឹងបន្តរួមដំណើរជាមួយគុយបាក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មគំរូសេដ្ឋកិច្ចសង្គមតាមទិសសង្គមនិយម ប្រឆាំងជំទាស់នឹងការហ៊ុំព័ទ្ធ ដាក់ទណ្ឌកម្មទៅលើគុយបា ក៏ដូចជាយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រីកនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរផងដែរ។
ទិដ្ឋភាពនៅជំនួបរវាងលោកអគ្គលេខាបក្ស Nguyen Phu Trong (ខាងស្ដាំ) និងលោកឯកអគ្គរដ្ឋទូត Orlando Nicolas Hernandez Guillen។ (រូបថត៖ VNA) |
នៅរសៀលថ្ងៃទី២៩ តុលា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាមលោក Orlando Nicolas Hernandez Guillen ដែលមកជួបសម្ដែងការគួរសមក្នុងឱកាសខួបគម្រប់ ៥៥ ឆ្នាំនៃជំនួបជាប្រវត្តិសាស្ត្ររវាងលោកប្រធានហូជីមិញជាមួយអគ្គមគ្គុទេសនៃបដិវត្តន៍គុយបា លោក Raul Castro (២៩ តុលា ១៩៦៦ - ២៩ តុលា ២០២១) ហើយស្របពេលដែលលោកឯកអគ្គរដ្ឋទូតចាប់ផ្ដើមអាណត្តិបេសកកម្មការទូតនៅវៀតណាមផងដែរ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះលោក Orlando Nicolas Hernandez Guillen ដោយត្រូវបានបក្ស រដ្ឋគុយបាជឿទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម ព្រមទាំងបញ្ជាក់ថា វៀតណាមនឹងបន្តរួមដំណើរជាមួយគុយបាក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មគំរូសេដ្ឋកិច្ចសង្គមតាមទិសសង្គមនិយម ប្រឆាំងជំទាស់នឹងការហ៊ុំព័ទ្ធ ដាក់ទណ្ឌកម្មទៅលើគុយបា ក៏ដូចជាយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រីកនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Orlando Nicolas Hernandez Guillen បានគោរពផ្ញើរក្ដីសួរសុខទុក្ខដ៏ស្មោះស្ម័គ្ររបស់លេខាទីមួយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel និងលោកនាយឧត្តមសេនីយ៍ Raul Castro ជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំរបស់បក្ស រដ្ឋវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកប្រកបដោយប្រសិទ្ធភាពទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាម-គុយបា៕