លីប៊ី៖ មនុស្ស ២.០០០នាក់ ទំនងជាបានស្លាប់ក្នុងទឹកជំនន់ជាប្រវត្តិសាស្ត្រ ដែលបណ្តាលមកពីព្យុះ Daniel
(VOVWORLD) - ប្រមុខរដ្ឋាភិបាលលីប៊ីខាងកើត លោក Osama Hamad កាលពីរសៀលថ្ងៃទី ១១ ខែកញ្ញា បានឲ្យដឹងថា មនុស្សប្រហែល ២.០០០នាក់នៅក្នុងទីក្រុង Derna ប្រហែលជាត្រូវបានស្លាប់នៅក្នុងទឹកជំនន់ជាប្រវត្តិសាស្ត្រដែលបណ្តាលមកពីព្យុះ Daniel កាលពីថ្ងៃទី ១០ ខែកញ្ញា។
ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ Al Masar លោក Hamad បានឲ្យឹដឹងថា ទឹកជំនន់បានហូរកាត់តំបន់លំនៅដ្ឋានទាំងអស់នៅក្នុងទីក្រុង Derna ដែលស្ថិតនៅចម្ងាយប្រហែល ៩០០គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានី Tripoli ។ ចំនួនមនុស្សបាត់ខ្លួនក្នុងទឹកជំនន់ក៏អាចកើនដល់រាប់ពាន់នាក់ផងដែរ។
មនុស្សរងការជាប់គាំងនៅលើផ្លូវនៅពេលដែលព្យុះនិងភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុង Shahhat ប្រទេសលីប៊ី កាលពីថ្ងៃទី ១១ ខែកញ្ញា។ រូបថត៖ Reuters |
ប្រភពព័ត៌មានក្នុងតំបន់បានដកស្រង់សម្តីរបស់មន្ត្រីមួយចំនួនដែលបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលនៃព្យុះ Daniel បានធ្វើឱ្យទំនប់ទឹកចំនួនពីរនៅតំបន់នោះបាក់បែក និងបណ្តាលឱ្យមានទឹកជំនន់ដ៏បំផ្លិចបំផ្លាញដែលបានលិចលង់ទីក្រុង Derna ភាគច្រើន។ រដ្ឋាភិបាលលីប៊ីខាងកើតបានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយនៅក្នុងទីក្រុង Derna ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយដោះស្រាយផលវិបាកជាបន្ទាន់។
ភ្លាមៗបន្ទាប់ពីមានព័ត៌មានអំពីព្យុះ Daniel បានបង្កឲ្យមានការខូចខាតយ៉ាងខ្លាំងដល់មនុស្សនិងសម្ភារៈនៅក្នុងប្រទេសលីប៊ី ប្រទេសមជ្ឈិមបូព៌ា និងអាហ្រ្វិកជាច្រើនបានសម្តែងពីការត្រៀមខ្លួនដើម្បីជួយលីប៊ីដោះស្រាយផលវិបាក។ ប្រធានាធិបតីទុយនីស៊ី លោក Kais Saied បានណែនាំភ្នាក់ងារពាក់ព័ន្ធនៃប្រទេសនេះ ឱ្យរៀបចំធនធានមនុស្សនិងទំនិញសមស្របដើម្បីត្រៀមខ្លួនជួយប្រទេសលីប៊ី។ ប្រធានាធិបតីអារ៉ាប់រួម (UAE) លោក Mohammed bin Zayed Al Nahyan បានស្នើសុំឱ្យបញ្ជូនក្រុមជួយសង្គ្រោះនិងជំនួយសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រប្រទេសលីប៊ី៕