វៀតណាម - ថៃបើកកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) -  ទទួលតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសថៃ  លោក Don Pramudwinai ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមករា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ និងធ្វើជាសហប្រធានសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ច សហប្រតិបត្តិការទ្វេភាគីវៀតណាម - ថៃ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានវត្តមានថ្នាក់ដឹកនាំនិងតំណាងក្រ សួង ស្ថាប័ននានានៃប្រទេសទាំងពីរ។

វៀតណាម - ថៃបើកកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (រូបថតៈ Baoquocte)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងនយោបាយ កិច្ចការបរទេស កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យទុកចិត្តនិងត្រូវបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃដំណើរទស្សនកិច្ចនិងការជួបប្រាស្រ័យជាទៀងទាត់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់យន្តការសហប្រតិបត្តិការផងដែរ។

ភាគីទាំងពីរបានព្រមព្រៀងគ្នា នូវវិធានការមួយចំនួន ដើម្បីជំរុញថែមទៀតកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ វិនិយោគនិងពាណិជ្ជកម្ម ជាពិសេសខិតខំបង្កើនទំហ៊ំប្រាក់ពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចគោលដៅទទួលបាន ២០  ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ និងសំដៅលើតុល្យភាពពាណិជ្ជកម្ម។  ភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញថែមទៀតកិច្ចសហប្រតិបត្តិការខាងវប្បធម៌ អប់រំនិងការជួបប្រាស្រ័យប្រជាជនផងដែរ។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង វៀតណាមនិងថៃក្នុងក្របខ័ណ្ឌនៃបណ្តាវេទិកាក្នុងតំបន់និងអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការសហប្រជាជាតិ រួមទាំងបណ្តាយន្តការសហប្រតិបត្តិការអនុតំបន់ផងដែរ។

នៅរសៀលថ្ងៃទី ២៥ ខែមករា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រថៃ លោក Prayuth Chan-ocha។ ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម និងបានវាយតំលៃខ្ពស់ចំពោះលទ្ធផលទទួលបានពីកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម - ថៃ ព្រមទាំងចាត់ទុកថា នេះជាយន្តការដ៏សំខាន់បំផុតដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅសម្រាប់ផលប្រ យោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ