វៀតណាម និងកាតាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់
(VOVWORLD) - នារសៀលថ្ងៃទី ២០ មិថុនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋកាតាប្រចាំនៅវៀតណាម លោក Khalid Ali Abdullah Abel មកជួបសម្តែងការគួរសមក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម។
ទិដ្ឋភាពនៃជំនួប (រូបថត៖ bocongan.gov.vn) |
នៅក្នុងជំនួបនេះ ពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកាតា ឱ្យអភិវឌ្ឍយ៉ាងជាក់ស្តែងនិងស៊ីជម្រៅ ជាពិសេសលើវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់នោះ លោកនាយឧត្តមសេនីយ៍ To Lam បានស្នើភាគីទាំងពីរ បង្កើនការសម្របសម្រួលក្នុងការកសាង និងបំពេញក្របខ័ណ្ឌច្បាប់រយៈពេលវែង សម្រាប់សកម្មភាពសហប្រតិបត្តិការវិជ្ជាជីវៈ កិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្ម និងកិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ជំរុញការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុត្តិធម៌ព្រហ្មទណ្ឌ ដើម្បីបង្កើតរបៀងច្បាប់អំណោយផលសម្រាប់ការសម្របសម្រួល ការផ្លាស់ប្តូរ និងសកម្មភាពកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-នយោបាយ និយាយរួម និងក្នុងវិស័យទប់ស្កាត់បទល្មើសនិយាយដោយឡែក។ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមក៏បានស្នើឱ្យភាគីទាំងពីររក្សា និងបង្កើតបណ្តាញសហប្រតិបត្តិការដើម្បីផ្លាស់ប្តូរព័ត៌មានជាប្រចាំអំពីមុខសញ្ញានិងសកម្មភាពភេរវកម្មអន្តរជាតិ; បទពិសោធន៍ក្នុងការរកឃើញ និងប្រយុទ្ធប្រឆាំងនឹងភេរវករ និងការបណ្តុះបណ្តាល និងការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្មអន្តរជាតិ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Khalid Ali Abdullah Abel បានអះអាងថា នឹងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងកាតា និងវៀតណាម ហើយទន្ទឹមនឹងនោះ គាំទ្រ និងធ្វើជាស្ពាន ដើម្បីពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព រវាងក្រសួងនគរបាលវៀតណាម និងភ្នាក់ងារអនុវត្តច្បាប់របស់កាតា៕