វៀតណាម និងទួរគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
(VOVWORLD) - នារសៀលថ្ងៃទី ២៩ វិច្ឆិកា នៅរដ្ឋធានី Ankara ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើវិធានការជាក់ស្តែងជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើវិធានការជាក់ស្តែងមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។ លើវិស័យនយោបាយ និងការទូត ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍នៃប្រទេសទួរគី (AKP) ដែលកំពុងកាន់អំណាច ក៏ដូចជា រវាងរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ; សង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមច្បាប់អន្តរជាតិ ធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ទាំងពីរ និងជុំវិញពិភពលោក។
ទាក់ទិននឹងសេដ្ឋកិច្ច លោកប្រធានាធិបតី Recep Tayyip Erdogan បានអះអាងថា ទួរគីចាប់អារម្មណ៍លើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម ដោយកំណត់គោលដៅឈានដល់ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលខាងមុខ។ រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យទួរគីបង្កើតលក្ខខណ្ឌសម្រាប់ផលិត ផលនាំចេញមានសក្កានុពលរបស់វៀតណាម ដោយបានជ្រៀតចូលបណ្តាញផ្សារទំនើប និងប្រព័ន្ធចែកចាយរបស់ទួរគី។
លោកប្រធានាធិបតី Recep Tayyip Erdogan បានថ្លែងអំណរគុណ ចំពោះការគាំទ្រដ៏មានតម្លៃដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រាប់ប្រជាជនទួរគី (រូបថត៖ VOV) |
ថ្នាក់ដឹកនាំទាំងពីរក៏បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា៖ ការអភិវឌ្ឍឧស្សាហកម្មហាឡាល ទេសចរណ៍ កសិកម្ម អប់រំ និងបណ្តុះបណ្តាល ព្រមទាំងបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យប្រធានរដ្ឋ Recep Tayyip Erdogan យកចិត្តទុកដាក់ និងដឹកនាំស្ថាប័នពាក់ព័ន្ធទួរគី បន្តបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅទួរគី ធ្វើសមាហរណកម្មល្អក្នុងមូលដ្ឋាន រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍របស់ទួរគីក៏ដូចជា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕