វៀតណាម និងន័រវែស ជំរុញកិច្ចសហប្រតិបត្តិការជា​យុទ្ធសាស្ត្រ​លើវិស័យ​ផ្លាស់ប្តូរថាមពលបៃតង និងសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព

(VOVWORLD) - ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យផ្លាស់ប្តូរថាមពលបៃតង និងសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព។
វៀតណាម និងន័រវែស ជំរុញកិច្ចសហប្រតិបត្តិការជា​យុទ្ធសាស្ត្រ​លើវិស័យ​ផ្លាស់ប្តូរថាមពលបៃតង និងសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីន័រវេសលោក Jonas Gahr Støre។ រូបថត៖ dangcongsan.vn

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសន័រវេសកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា នៅរដ្ឋធានី Oslo អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីន័រវេសលោក Jonas Gahr Støre។ បញ្ចប់កិច្ចពិភាក្សា ភាគីទាំងពីរបានចេញសេចក្តីប្រកាសព័ត៌មានរួម។

សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ទៅកាន់ប្រទេសន័រវែស បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរបានអះអាងពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់ និងបង្កើនយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់។

ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យផ្លាស់ប្តូរថាមពលបៃតង និងសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព។ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនេះនឹងបង្កើតឱកាស និងបង្កើតក្របខ័ណ្ឌសម្រាប់ភាគីនានាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ សេដ្ឋកិច្ចវិលជុំ និងសកម្មភាពសេដ្ឋកិច្ចបៃតង។

សេចក្តីប្រកាសក៏បានឲ្យដឹងថា វៀតណាមនិងន័រវែសមានបំណងចង់ពន្លឿនដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) តាមនោះជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លើសពីនេះទៀត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ដោយទទួលស្គាល់តួនាទីនៃកិច្ចសហប្រតិបត្តិការនេះក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ