វៀតណាម និងបារាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត
(VOVWORLD) - ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។
កងឆ្មាំសមុទ្រវៀតណាមយាមល្បាតសមុទ្រ (រូបថត៖ Tran Tinh/VNA) |
នារសៀលថ្ងៃទី ១៥ មេសា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបជាមួយប្រធានអគ្គស្នងការទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រនៃក្រសួងកងទ័ពបារាំង លោកស្រី Alice Guitton ក្នុងឱកាសលោកស្រីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - បារាំងលើកទី ២ នៅវៀតណាម។
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថាចាប់តាំងពីពេលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣ មក ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច ការពារជាតិ-សន្តិសុខ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសគឺវិស័យការពារជាតិ។
ជាការឆ្លើយតប លោកស្រី Alice Guitton បានសម្ដែងគោលបំណងថា នារយៈពេលខាងមុខ ក្រសួងកងទ័ពបារាំង និងក្រសួងការពារប្រទេសវៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងសម័យសន្ទនាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បារាំងលើកទី ២។
នារសៀលថ្ងៃដដែល លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និង ប្រធានអគ្គស្នងការទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រនៃក្រសួងកងទ័ពបារាំង លោកស្រី Alice Guitton បានធ្វើជាសហប្រធានកិច្ចសន្ទនាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បារាំងលើកទី២។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ផងដែរ៕