វៀតណាម និងសហរដ្ឋអាមេរិកមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យ សឺមីកុងឌុចទ័រ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា ក្នុងសេចក្តីថ្លែងការណ៍ដែលបានប្រកាសនាពេលថ្មីៗនេះ ស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នានាំយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យក្លាយទៅជាសសរស្តម្ភថ្មីដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទិដ្ឋភាពនៃជំនួប |
កាលពីរសៀលម្សិលមិញ (ថ្ងៃទី ១៩ ខែកញ្ញា - ម៉ោងក្នុងស្រុក) នៅទីក្រុងវ៉ាស៊ីនតោន លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញទទួលទានអាហារការងារថ្ងៃត្រង់ជាមួយនាយកប្រតិបត្តិនៃសហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់សហរដ្ឋអាមេរិកលើវិស័យសឺមីកុងឌុចទ័រ។ជំនួបនេះមានការចូលរួមពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំវៀតណាម លោក Marc Knapper និងលោក John Neuffer ប្រធាន និងជាអគ្គនាយកនៃសម្ព័ន្ធសមាគមឧស្សាហកម្មសឺមីកុងឌុចទ័រអាមេរិក (SIA)។
នៅក្នុងជំនួបនេះ សហគ្រាសសឺមីកុងឌុចទ័ររបស់សហរដ្ឋអាមេរិកបានវាយតំលៃខ្ពស់ចំពោះសក្ដានុពលក្នុងការអភិវឌ្ឍផ្នែកឧស្សាហកម្ម សឺមីកុងឌុចទ័រនៅវៀតណាម ជាពិសេសជាមួយនឹងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និង សមត្ថភាពរបស់សហគ្រាស និងគ្រឹះស្ថានបណ្តុះបណ្តាលនៅវៀតណាមត្រូវបានកែលម្អ។ ប្រតិភូបានស្នើនូវមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម សឺមីកុងឌុចទ័រប្រកបដោយជោគជ័យនៅវៀតណាម។ ក្នុងរយៈពេលវែង សហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកអាចសិក្សាស្រាវជ្រាវលទ្ធភាពបើករោងចក្រផលិតបន្ទះឈីបនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា ក្នុងសេចក្តីថ្លែងការណ៍ដែលបានប្រកាសនាពេលថ្មីៗនេះ ស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នានាំយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យក្លាយទៅជាសសរស្តម្ភថ្មីដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហគ្រាសសឺមីកុងឌុចទ័ររបស់សហរដ្ឋអាមេរិកបន្តសហប្រតិបត្តិការ វិនិយោគនៅវៀតណាម។ តាមនោះ ជួយសម្រួលដល់ការលើកកម្ពស់គុណភាពធនធានមនុស្ស សមត្ថភាពរបស់សហគ្រាសវៀតណាម ហើយនាំវៀតណាមចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផ្នែកសឺមីកុងឌុចទ័រសកល។
លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងថា រដ្ឋាភិបាល និងក្រសួង ស្ថាប័ននានានឹងបង្កើតបរិយាកាសធុរកិច្ចប្រកបដោយសមភាព តម្លាភាព បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសបរទេសមកវិនិយោគនៅវៀតណាម ក្នុងនោះមានសហគ្រាសសឺមីកុងឌុចទ័ររបស់អាមេរិកផងដែរ៕